ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខសុំទោសប្រជាជន តែមិនព្រមចុះចេញពីតំណែង
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល នៅថ្ងៃសៅរ៍នេះ បានយល់ព្រមសុំទោសជាសាធារណៈ ប៉ុន្តែបានច្រានចោលការទាមទារឱ្យលោកចុះចេញពីតំណែង ដោយសារតែបញ្ហាប្រកាសច្បាប់អាជ្ញាសឹក។
នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក យូន បានបញ្ជាក់យ៉ាងដូច្នេះថា ការប្រកាសច្បាប់អាជ្ញាសឹក កើតឡើងពីការអស់សង្ឃឹមរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតី។ លោកបន្ថែមថា ទោះបីជាយ៉ាងនេះក្តី នៅក្នុងដំណើរការនេះ ខ្ញុំបានបង្កការព្រួយបារម្ភ និងការរអាក់រអួលដល់សាធារណៈជន ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះប្រជាពលរដ្ឋដែលរងទុក្ខលំបាកខ្លាំងដោយសារតែបញ្ហានេះ។
យ៉ាងណាមិញ នៅក្នុងសុន្ទរកថាខ្លីរបស់ខ្លួន លោក យូន មិនបាននិយាយអំពីការចុះចេញពីតំណែងនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកនឹងប្រគល់សិទ្ធិអំណាចដល់គណបក្ស ដើម្បីចាត់វិធានការរក្សាស្ថានភាព និងស្ថិរភាពនយោបាយ រួមទាំងតំណែងរបស់គាត់ផងដែរ។
ផ្អែកតាមការចេញផ្សាយកាសែត AFP ប៉ូលិសកូរ៉េខាងត្បូងបានឱ្យដឹងថា មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាប្រឆាំង ប្រធានាធិបតីលោក យូន សុកយ៉ុល ក្រោយការព្យាយាមមិនបានសម្រេចរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ បើតាមអ្នកនាំពាក្យទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង ក្រុមអ្នករៀបចំរំពឹងថា មនុស្សប្រហែល ២០០,០០០នាក់នឹងចូលរួម។
លោក យូន បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ត្រូវបានបង្ខំឱ្យដកចេញវិញ បន្ទាប់ពីក្រុមសមាជិកសភាបានបោះឆ្នោតជំទាស់ ហើយមនុស្សជាច្រើននាក់បាននាំគ្នាចេញតវ៉ា។ ក្រុមគណបក្សប្រឆាំងបានដាក់សំណើរួចហើយ ក្នុងគោលបំណងដំណើរការនីតិវិធីចោទប្រកាន់តំណែងលោក យូន ដែលនឹងត្រូវសភាបោះឆ្នោតសម្រេចនាយប់ថ្ងៃសៅរ៍នេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា