អត្តពលិកមកពី១៧ប្រទេសចូលរួមប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៥ ឆ្នាំ២០២៤

សៀមរាប៖ ក្នុងខែវិច្ឆិកានេះ ខេត្តសៀមរាបមានព្រឹត្តិការណ៍ធំៗជាច្រើន​ត្រូវ​បានប្រារព្ធជាបន្តបន្ទាប់ ។ក្នុងនោះកាលពី​រសៀល​ថ្ងៃទី៦ ខែធ្នូ​មាន​ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតត្រូវបានប្រារព្វនៅបរិវេណសួនច្បារព្រះរាជដំណាក់ គឺព្រឹត្តិការណ៍​បើកការប្រកួតគុនខ្មែរជ្រើសរើស​ជើងឯក​ពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024)។កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការពីថ្ងៃទី៦ ខែធ្នូនឹងបន្តរហូតដល់ថ្ងៃទី៨ ខែធ្នូ ដោយមានអត្តពលិកជាង១០០​នាក់​មកពី១៧ប្រទេសចូលរួមប្រកួត។

ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះជាការប្រមូលផ្តុំយុទ្ធករគុនខ្មែរជាតិ និងអន្តរជាតិចូលរួមប្រកួតប្រជែង​សមត្ថភាព​ ក្នុង​បរិយាកាស​ពោរ​ពេញដោយទឹកចិត្តជាកីឡា ។ជាពិសេសការប្រកួតនេះមាន​បំណង​សំដៅស្វែងរកជើងឯកពិភពលោក ខណៈ​ជាវេទិកាបង្ហាញ​សក្ដានុពល​នៃគុនខ្មែរឱ្យមានការស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។

ដោយឡែកក្នុងពិធីដដែលនេះ នារាត្រីបានទាក់ទាញប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយ ដែល​ទឹកចិត្តកីឡាករ និងស្រឡាញ់វិស័យកីឡា បានចូលរួមទស្សនាយ៉ាងច្រើនកុះករ ។ជារឿយៗសំឡេងហ៊ោរបានលាន់ឡើង​គាំទ្រកីឡាករដែលពេញចិត្ត។

សូមបញ្ជាក់ថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក​លើកទី៥ ឆ្នាំ២០២៤ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់​ផ្ទះ​ ដោយ​មានប្រតិភូ និងអត្តពលិកចូលរួមជាង ១០០នាក់ មកពី ១៧ប្រទេស រួមមាន ប្រតិភូគុនខ្មែរជាម្ចាស់ផ្ទះ ប្រទេស​អាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាមេរ៉ូន រុស្ស៊ី ម៉ាឡេស៊ី បារាំង ម៉ូរីស កាណាដា មីយ៉ាន់ម៉ា ទុយនេស៊ី កៀហ្ស៊ីស៊ីស្ថាន និងប្រទេស​ថៃ។

លោក វ៉ាន់ ឌី ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានបង្ហាញ​អារម្មណ៍​របស់លោកថា លោកសប្បាយរីករាយ ខណៈ​ឃើញនូវ​វត្តមាន​ភ្ញៀវអន្តរជាតិ ក៏ដូចជាកីឡាករអន្តរជាតិ នៅលើទឹកដីព្រះរាជា​ណា​ចក្រកម្ពុជា។វត្តមានកីឡាករបរទេស ទាំងនេះនឹងរួមចំណែកក្នុង​ការ​ផ្សព្វផ្សាយវប្បធម៌ រមណីយដ្ឋានអង្គររបស់ខ្មែរយើងទៅឆាក​អន្តរ​ជាតិ​កាន់តែល្បីរន្ទឺ៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា

ads banner