សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និបាត លើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាត លើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍ប្រតិភូ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លើកទី២០ នៅកម្ពុជា។ សម្ដេចធិបតី ថ្លែងថា សន្និបាតនាពេលនេះ គឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព និង សិទ្ធិសេរីភាពរបស់បងប្អូនឥស្លាម ។
សម្តេច បានលើកឡើងថា សហគមន៍ខ្មែរអ៊ិស្លាមនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់ឱ្យរស់នៅដោយសុខដុម និងមានសិទ្ធិសេរីភាពដូចពលរដ្ឋខ្មែរដែរ។ សម្ដេច ថា សហគមន៍អ៊ិស្លាមនៅកម្ពុជា ទទួលបាននូវតួនាទីសំខាន់ៗជាច្រើន ទាំងនៅក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានដូចជា សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, មុខតំណែងសំខាន់ៗនៅក្នុងក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកងកម្លាំងប្រដាប់អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរនានាជាច្រើនទៀត ។
សម្ដេចធិបតី បានបន្តថា សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះ គឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំ ចុងក្រោយនេះ ។ សន្តិភាព ភាពជឿនលឿននៃសង្គម-សេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និង ឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា ។ ប្រទេសជាច្រើនមកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបានថ្លែងការកោតសរសើរចំពោះការផ្លាស់ប្ដូរមុខមាត់ ស្ទើរតែមិនគួរឱ្យជឿរបស់កម្ពុជា ដែលបានជួបសោកនាដកម្មប្រវត្តិសាស្ត្រ ដែលពិបាកនឹងស្រមើស្រមៃ។ បណ្តាមិត្តរបស់កម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀន ការកសាងសន្តិភាព, បង្រួបបង្រួមជាតិ និង ភាពអត់ឱនរបស់កម្ពុជា, ហើយនៅក្នុងនោះ មិត្តរបស់យើងក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនី យកម្មសាសនា ទោះបីជាកម្ពុជាកំណត់យកពុទ្ធសាសនាជា សាសនារបស់រដ្ឋក៏ដោយ ។
សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូខាងមុខនេះ ជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍ និងសាសនា តែងតែចងចាំគឺការសម្រចបានដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយ សម្ដេចតេជោ ហ៊ុន សែន ។ បច្ចុប្បន្ននេះ, ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព, យើងស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា ។ សម្រាប់កម្ពុជា, សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក ។
សម្តេចបវរធិបតី បានថ្លែងបន្តថា ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណី ដល់សហគមន៍មួយនេះ ដូចប្រជាជនខ្មែរទូទៅដែរ ។ ជាក់ស្តែង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគ-តិចចាម ថា ជា “ខ្មែរឥស្លាម” នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគ-តិចចាម បានក្លាយជាពលរដ្ឋខ្មែរ កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុក នូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ ។ ទន្ទឹមនេះ បងប្អូនខ្មែរឥស្លាម បានរងទុក្ខលំបាកដោយសារសង្គ្រាម, ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និង អំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ។ ទាល់តែដល់ថ្ងៃ រំដោះ ៧ មករា ឆ្នាំ១៩៧៩, ទើបសេរីភាពជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និង សង្គ្រោះឡើងវិញ ។ ជាតថភាពប្រវត្តិសាស្ត្រ, សម្តេចអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវ គោលការណ៍នេះ ជានិច្ច ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ, ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយ បុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើ ឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណ ។ល ។ សម្តេច បន្ថែមថា ក្រៅពីនោះ យើងក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ, មន្ទីរពេទ្យរដ្ឋ, រោងចក្រ, សណ្ឋាគារ និង ផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព, ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បងប្អូនឥស្លាមកាន់តែច្រើនក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា ។ នៅឆ្នាំក្រោយនេះ, អង្គការសម្ព័ន្ធពិភពឥស្លាម (រ៉ាពីតាស់) គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិឥស្លាម នៅរាជធានីភ្នំពេញ ដើម្បីអោយបណ្តាប្រទេសដទៃ អាចរៀនសូត្រពីបទ- ពិសោធ ជាគំរូរបស់កម្ពុជា លើទិដ្ឋភាពសុខដុមនីយកម្មជាតិ សាសន៍ និង សាសនា, ហើយខ្ញុំក៏នឹងចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ។ សម្តេច ថា យើងទទួលស្គាល់ថា បងប្អូនឥស្លាម គឺជាសមាសធាតុ និង សមាជិកប្រកបដោយការទទួលខុសត្រូវ នៅក្នុងសង្គមជាតិខ្មែរ។ បងប្អូនឥស្លាមក៏បានយល់យ៉ាងច្បាស់ និងមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹង លទ្ធិជ្រុលនិយម, ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងជំរុញឱ្យមានការបែងចែក និង បំបែកបំបាក់សង្គម, កំហឹង និង ការរើសអើង និង ការប្រើប្រាស់ហិង្សា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា យើងមិនត្រូវភ្លេចទេថា សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយនៃសហគមន៍ ឥស្លាម អន្តរជាតិ ។ ដូច្នេះភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកចិត្ត ជាពិសេស សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភពលោក ឱ្យចាប់អារម្មណ៍ និង ផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ។ បងប្អូនខ្មែរឥស្លាមគឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារ នៃកាលានុវត្តភាព សេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោកមិនថា ហិរញ្ញវត្ថុ ឥស្លាម (Islamic finance) ឬ សេដ្ឋកិច្ចហាឡាល (Halal economy) ។
ទន្ទឹមនេះ សម្តេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការជំរុញឧស្សាហកម្ម ផលិតកម្ម និង ការនាំចេញ ផលិតផលហាឡាល ដើម្បីឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាពដ៏ទូលំទូលាយ នៃទីផ្សារហាឡាល ដោយមានការបញ្ជាក់ពីស្ដង់ដា និង ការទទួលស្គាល់អនុលោមភាព ច្បាស់លាស់ លើគោលការណ៍ហាឡាល កម្រិតអន្តរជាតិ ។ សម្តេច ក៏បានបន្តលើកទឹកចិត្តឱ្យបងប្អូនខ្មែរឥស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការដើរតួ ជាទូតសុឆន្ទៈ, ជាដៃគូពាណិជ្ជកម្ម និង ដៃគូវិនិយោគ និងជាអន្តរការី ដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់ សម្រាប់ដៃគូឥស្លាមបរទេស នៅក្នុងការជំរុញការផ្សារភ្ជាប់ និងពង្រឹងវត្តមានកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចប្រកបដោយវិបុលភាពនៃឥស្លាមអន្តរជាតិ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ