ចិនជោគជ័យបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនចំនួន១៨
ប៉េកាំង ៖ ប្រទេសចិន ក្នុងសប្តាហ៍នេះ បានប្រើប្រាស់យានរ៉ុក្កែត Long March 6A បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនក្រុមទី៣ ចំនួន១៨ផ្កាយរណបដោយជោគជ័យ។
យានរ៉ុក្កែតរបស់ចិន Long March 6A បានបញ្ជូនផ្កាយរណបក្រុមទី៣ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ស្ថិតក្នុងខេត្តសានស៊ី ប្រទេសចិន។
បណ្តាញផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនរបស់ប្រទេសចិន ដែលមានឈ្មោះថា Thousand Sails នេះ នឹងមានផ្កាយរណបរហូតដល់ទៅជាង ១៤.០០០ផ្កាយរណបឯណោះ ដែលនឹងហោះវិលជុំក្នុងគន្លងតារាវីថីទាបនៃផែនដី សម្រាប់គ្របដណ្ដប់ការផ្ដល់សេវាអ៊ីនធឺណិតទូទាំងពិភពលោក។
នៅឆ្នាំ២០២៥ ប្រទេសចិនគ្រោងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនឱ្យបានជាង ៦០០ផ្កាយរណបក្នុងដំណាក់កាលដំបូង។ គម្រោងដ៏ធំរបស់ចិននេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការបង្កើតបណ្ដាញផ្កាយរណបអ៊ីនធឺណិតដ៏ធំសម្បើមមួយ ដើម្បីប្រជែងនឹងផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink របស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Elon Musk៕
ប្រភព ៖ Space News ប្រែសម្រួល ៖ ឈឹម ទីណា