យុវជនសង្គមស៊ីវិលបានចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាបន្តបន្ទាប់ រួមមាន«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការប្រែក្លាយពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានភាពស្អាត ទៅជាចលនា ដើម្បីកែប្រែឥរិយាបថ របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងជីវៈចម្រុះ កាន់តែខ្លាំងឡើង ក៏ជាពិសេសស្រឡាញ់ភាពស្អាត ស្អាតស្មារតី ចិត្តគំនិតត្ត បន្តភាពស្អាតនៅតាមភូមិ ស្រុក ក្រុង តាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមផ្ទះ។
នេះគឺជាការថ្លែងបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេល អញ្ជើចូលរួមក្នុងកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅក្នុងភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានកោតសរសើរចំពោះក្រុមយុវជននៃសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គមនានា ហើយជាពិសេស ជំរុញការចូលរួមលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងបរិស្ថាន ជាមួយអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងពេលកន្លងមក។
លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានគូសបញ្ជាក់ថាបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ សហគមន៍ទាំងមូល។
លោក ហេង សំណាង បានបន្ថែមថា ដោយឃើញការដឹកនាំរបស់រាជរដ្ឋាភិបាល និងជាពិសេស ក្រសួងបរិស្ថានបានកំណត់គោនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យ ឆ្នាំ២០៥០ ដែលមានគម្របព្រៃឈើច្រើន និងប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន យុវជនកម្ពុជា បានសម្រេចចិត្ត ក្នុងការចូលរួមផ្សព្វផ្សាយបរិស្ថាន កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញឱ្យមានការចូលរួមគាំទ្រ ដល់ការរីកចម្រើរបស់កម្ពុជា ជាមួយភាពស្អាត បៃតង និងការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព។
សូមបញ្ចាក់ថា សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ប្រចាំខេត្តព្រៃវែង សហការជាមួយ ប្រធានការិយាល័យអបរំ យុវជន និងកីឡាស្រុកស្វាយអន្ទរ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅក្នុងភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កម្មវិធីបានប្រព្រឹត្តទៅដោយមានការចែកសម្ភារសិក្សា ចូលរួមដាំកូនឈើ ទុកជាអនុស្សាវរីយ៍ជាច្រើនដើម នៅជុំវិញសាលា និងដើម្បីបង្កើនគម្របបៃតង ផ្តល់ខ្យល់អាកាសបរិសុទ្ធ និងបង្កើនសោភ័ណភាពដល់សាលារៀននិងមូលដ្ឋាន៕
ដោយ ៖ ង៉ាន់ ទិត្យ