វៀតណាមរំពឹងចេញនាំផ្លែផាសិនទៅអាមេរិក នៅឆ្នាំក្រោយ
ហាណូយ៖ វៀតណាមកំពុងចរចា ជាមួយអាមេរិកដើម្បីនាំចេញផ្លែផាសិន ស្រស់ ហើយគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរ នៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress។
ប្រភពបានដកស្រង់សម្តីរបស់មន្ត្រី នៃនាយកដ្ឋានការពាររុក្ខជាតិ នៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទំនងជាទីផ្សារបន្ទាប់សម្រាប់ផ្លែផាសិនវៀតណាម ពោលគឺបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលបានអនុម័តការនាំចូលផាសិនវៀតណាម កាលពីខែសីហា ឆ្នាំនេះ។
ប្រសិនបើជោគជ័យ ការនាំចេញផ្លែផាសិនវៀតណាម ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់តម្លៃចន្លោះពី៥០ ទៅ១០០លានដុល្លារ នៅក្នុងមួយឆ្នាំ នេះបើយោងតាមការប៉ាន់ស្មាន របស់សមាគមផ្លែឈើ និងបន្លែវៀតណាម។
បច្ចុប្បន្ននេះ ផ្ទៃដីដាំផាសិន ក្នុងប្រទេសវៀតណាម មានជាង១២,០០០ហិកតា ដោយភាគច្រើន នៅតំបន់ភ្នំ ភាគខាងជើង។ បណ្តាខេត្ត នៅតំបន់ខ្ពង់រាបកណ្តាល ក៏កំពុងពង្រីកផ្ទៃដីដាំដុះផ្លែឈើប្រភេទនេះ ផងដែរ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត