គ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២៤ ខាតបង់សេដ្ឋកិច្ច ៣១០ពាន់លានដុល្លារ

បរទេស ៖ ក្រុមហ៊ុនធានារ៉ាប់រង មានមូលដ្ឋាន នៅប្រទេសស្វីស Swiss Re បាននិយាយ កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលមួយឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវបានប្រកាសថា ក្តៅបំផុតក្នុងកំណត់ត្រានោះ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ចំនួន៣១០ពាន់លានដុល្លារ នៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃទំហំខាតបង់នេះ។

ក្រុមហ៊ុនធានារ៉ាប់រង ដែលមានមូលដ្ឋាន នៅទីក្រុង Zurich បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ច ដែលបានប៉ាន់ប្រមាណ កើតចេញពីគ្រោះមហន្តរាយធម្មជាតិ គឺខ្ពស់ជាង៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។

ប្រភពបន្តថា ក្នុងចំណោមចំនួនខាតបង់សេដ្ឋកិច្ចសរុប ការខាតបង់លើការធានារ៉ាប់រង កើនឡើង១៧ភាគរយ ពោលគឺរហូតដល់ទៅ ១៣៥ពាន់លានដុល្លារ ដោយកត់សម្គាល់ចេញពីការបំផ្លិចបំផ្លាញ នៃព្យុះសង្ឃរា Helene និង Milton នៅសហរដ្ឋអាមេរិក ព្រមទាំង ការជន់លិចយ៉ាងខ្លាំងក្លា នៅអឺរ៉ុប ដែលជំរុញឱ្យការចំណាយកើនឡើង កាន់តែខ្ពស់។

ក្រុមហ៊ុន Swiss Re បាននិយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំទី៥ ជាប់ៗគ្នា ដែលនាំឲ្យការខាតបង់លើផ្នែកធានារ៉ាប់រង កើនឡើងដល់ ១០០ពាន់លានដុល្លារ ជាប្រចាំឆ្នាំ។ ក្រុមហ៊ុន Swiss Re បានព្រមានទៀតថា ការខាតបង់ធានារ៉ាប់រង ជាសាកល ប្រាកដជានឹងបន្តកើនឡើង ទាមទារឲ្យមានវិធានការទប់ស្កាត់បន្ទាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner