ឧទ្ទាមប្រកាសបញ្ចប់ការគ្រប់គ្រងរបស់គ្រួសារ Assad ក្នុងប្រទេសស៊ីរី

បរទេស ៖ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុងដាម៉ាស នៅក្នុងការវាយលុកមួយ នៅថ្ងៃអាទិត្យនេះ ដោយបានបង្ខំចិត្ត ឲ្យប្រធានាធិបតី Bashar al-Assad រត់គេចខ្លួន និងបញ្ចប់ការគ្រប់គ្រង រយៈពេល៥ទសវត្សរ៍ នៃគ្រួសារ Assad នៅក្នុងប្រទេសស៊ីរី។

ប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស់ បានអបអរ នៅតាមដងផ្លូវ ខណៈក្រុមឧទ្ទាមបានប្រកាសពីការចាកចេញ របស់លោក al-Assad ពោលគឺកើតមាន ក្រោយរយៈពេលតិចជាងពីរសប្តាហ៍ ដែលក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham បានចាប់ផ្តើមយុទ្ធនាការ ដណ្តើមការគ្រប់គ្រង ជាង៥ទសវត្សរ៍ របស់គ្រួសារ Assad។

ក្រុមសង្កេតការណ៍បាននិយាយថា ចាប់តាំងពីការវាយលុកបានចាប់ផ្តើមមក មនុស្សយ៉ាងហោចណាស់ ៨២៦ នាក់បានស្លាប់ រួមទាំង ជនស៊ីវិលចំនួន ១១១នាក់ ផងដែរ ។ អង្គការសហប្រជាជាតិបាននិយាយថា អំពើហឹង្សាបានធ្វើឱ្យមនុស្ស ៣៧ម៉ឺននាក់ផ្លាស់ទីលំនៅ។

ក្រុមឧទ្ទាមបាននិយាយថា «បន្ទាប់ពីការគៀបសង្កត់ រយៈពេល ៥០ឆ្នាំ ក្រោមការគ្រប់គ្រង របស់គ្រួសារ Assad និង ១៣ឆ្នាំនៃឧក្រិដ្ឋកម្ម, អំពើហឹង្សា និងការផ្លាស់ទីលំនៅដោយបង្ខំ… យើងប្រកាសនៅថ្ងៃនេះថា ការបញ្ចប់នៃសម័យកាលដ៏ខ្មៅ ងងឹតនេះ ហើយចាប់ផ្តើមយុគសម័យថ្មី សម្រាប់ប្រទេសស៊ីរី»។

នាយករដ្ឋមន្ត្រីស៊ីរី លោក Mohammed al-Jalali បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ការដឹកនាំណាមួយ ដែលត្រូវបានជ្រើសរើស ដោយប្រជាជនស៊ីរី។

ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman បានប្រាប់ AFP ថា “លោក Assad បានចាកចេញពីប្រទេសស៊ីរី តាមអាកាសយានដ្ឋានអន្តរជាតិ នៅរដ្ឋធានីដាម៉ាស់។

គួរបញ្ជាក់ថា ពួកឧទ្ទាម Hayat Tahrir al-Sham មានឫសគល់ពីសាខាអាល់កៃដា ហើយ ត្រូវបានចាត់តាំងជាអង្គការភេរវករ ពីសំណាក់រដ្ឋាភិបាលលោកខាងលិច ប៉ុន្តែ បានស្វែងរកការបន្ទន់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner