អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបឹង តម្លៃជាងប្រាំមួយ​ម៉ឺន​ដុល្លារត្រូវបានសម្ពោធ

សៀមរាប៖អគារសិក្សាថ្មីមួយខ្នងមានបីបន្ទប់ ស្ថិតនៅក្នុង​សាលាបឋមសិក្សាបឹង ភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានសម្ពោធកាលពីចុងសប្ដាហ៍​កន្លងទៅ​នេះក្រោមព្រះវត្តមានព្រះអនុគណស្រុក សមាជិកក្រុមប្រឹក្សា​ស្រុក អភិបាលរងស្រុក សប្បុរសជន សិស្សានុសិស្ស និង​ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

សមិទ្ធផលនេះជាអំណោយរបស់គ្រួសារMark Ou Group រួមជាមួយសប្បុរសជននៅប្រទេសសិង្ហបុរី តាមរយៈលោក លី រិទ្ធី ដោយចំណាយលើសាងសង់ និងបំពាក់សម្ភារៈបរិក្ខារចំនួន៦៥ ០០០ដុល្លារអាមេរិក។ក្នុងនោះដូចជាតុសម្រាប់សិស្សចំនួន ៨៤,កៅអីសម្រាប់គ្រូ៣ឈុត,ក្តារខៀនកញ្ចក់ចំនួន៣,កង្ហារ១៥គ្រឿង,ភ្លើងបំភ្លឺបង្គោលសូឡា៨ដើម,កែលំអសួនច្បារមុខអគារថ្មី សម្ភារ:សិក្សា កាបូបសិស្សក្រីក្រចំនួន១២០ សម្ភារ:បណ្ណាល័យ អង្ករចំនួន២តោន សៀវភៅអំណានចំនួន៣០០ក្បាល ។

លោក លី រិទ្ធី តំណាងសប្បុរសជន បានរម្លឹកថា គិតចាប់ពីឆ្នាំ​២០២២ ដល់ ឆ្នាំ២០២៤ គ្រួសារ ម៉ាក អៅ(Mark Ou Group)រួមជាមួយរូបលោកផ្ទាល់បានកៀរគរជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភលើវិស័យអប់រំ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប សរុបចំនួន ១៣២ 000 ដុល្លារ​អាមេរិក។

ក្រៅពីជួយដល់មូលដ្ឋានស្រុកជីក្រែងសប្បុរសជនពីមកប្រទេសសិង្ហបុរី បានចងគ្នាជាក្រុមដើម្បី  កៀរគររកថវិកាជួយដល់កុមារ និងប្រជាជនកម្ពុជា គឺចូលរួមជាមួយរាជរដ្ឋាភិបាលកសាង​ហេដ្ឋារចនាសម្ព័ន្ឋវិស័យអប់រំនៅកម្ពុជា ជាពិសេសនៅ​តាមទី​ជនបទ នៃស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគងផងដែរ។

លោកបន្តថា ឆ្នាំ២០២៤ Mark Ou Group បានឧបត្តម្ភថវិកា​សម្រាប់ផ្គត់ផ្គង់ សម្ភារ:សិក្សាអង្ករចំនួន៤តោន,កង្ហារចំនួន ៦៦គ្រឿង,អំពូលបំភ្លឺចំនួន១១,បន្ទប់សម្ភារៈ,បណ្ណាល័យសៀវភៅរឿងចំនួន៥០០ក្បាល,ស៊ីទែនទឹកនិងជើងទម្រ២០០០លីត្រ  សរុបចំនួន១៥ ០០០អាមេរិក នៅសាលាបឋមសិក្សា តាភ្ញា ស្រុកជីក្រែង ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធរ​គណ​ខេត្ត​សៀមរាបជាព្រះអនុគណស្រុកជីក្រែងនិង​ជាព្រះចៅ​អធិការ វត្តបុព្វទិសារាមហៅវត្តកំពង់ក្តី,លោក រស់ ប៊ុនថន អភិបាល​រងស្រុកជីក្រែងបានថ្លែងអំណរចំពោះម្ចាស់អំណោយ និងលោក លី រិទ្ធី ដែលបានជួយដល់វិស័យអប់រំនៅកម្ពុជា៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner