រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ជំរុញឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម
មូស្គូ ៖ ប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាជំរុញឲ្យរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រឆាំងធ្វើកិច្ចចរចាគ្នាដោយសន្តិវិធី ខណៈដែលប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ បានចាកចេញពីប្រទេសទៅជ្រកកោណនៅរុស្ស៊ី។
ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស នៃ ប្រទេស ទាំង បី ក្នុង រដ្ឋធានី ដូហា ប្រទេស កាតា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ រុស្ស៊ី និង អ៊ីរ៉ង់ ត្រូវបានគេដឹងថា គាំទ្រ ប្រធានាធិបតី ស៊ីរី លោក បាស់សា អអអាល់អាសាដខណៈដែលតួកគីគាំទ្រ កងកម្លាំង ប្រឆាំង រដ្ឋាភិបាល ស៉ីរី។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា អ្នកចូលរួមទាំងអស់បានយល់ព្រមថា ជម្លោះគួរតែបញ្ចប់ភ្លាមៗ។ លោកបន្ថែម ថា វាជារឿងសំខាន់ បំផុត ដើម្បីចាប់ ផ្តើម ការ សន្ទនា នយោបាយ រវាង រដ្ឋាភិបាល ស៊ីរី និង ក្រុម ប្រឆាំង ស្រប ច្បាប់។
ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ភារកិច្ចចម្បងនៅពេលនេះ ពាក់ព័ន្ធនឹងប្រទេសស៊ីរី គឺបញ្ឈប់ការប្រយុទ្ធគ្នា។ លោកក៏បាននិយាយផងដែរថា រុស្ស៊ីនឹងប្រឆាំងនូវការប៉ុនប៉ងរបស់ពួកសកម្មប្រយុទ្ធ ដើម្បីផ្លាស់ប្តូរស្ថានភាព និងគាំទ្រអាជ្ញាធរស៊ីរីស្របច្បាប់។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៉ីស្លាម បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុងដាម៉ាស នៅក្នុងការវាយលុកមួយ កាលពីថ្ងៃអាទិត្យ ដោយបានបង្ខំចិត្តឲ្យប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ រត់គេចខ្លួន និងបញ្ចប់ការគ្រប់គ្រងរយៈពេល៥ទសវត្សរ៍ នៃគ្រួសារ លោក អាសាដ នៅក្នុងប្រទេសស៊ីរី៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា