ប្រជាជនស៊ីរីជុំវិញពិភពលោកសាទរការដួលរលំរបបដឹករបស់លោក Bashar al-Assad ក្នុងពេល ៥ទសវត្សរ៍

បរទេស ៖ ប្រជាជនស៊ីរីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅតាមទីក្រុងនានា ក្នុងគោលបំណងអបអរសាទរការដួលរលំរបបដឹកនាំផ្តាច់ការរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងរយៈពេល ៥ទសវត្សរ៍ បន្ទាប់ពីក្រុមឧទ្ទាមបានចូលកាន់កាប់រដ្ឋធានីដាម៉ាស់ ដ៏គួរឱ្យភ្ញាក់ផ្អើល។

ផ្លូវនានាក្នុងទីក្រុងមីស្រាតា និងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី នៅថ្ងៃអាទិត្យម្សិលមិញ ពោលពេញដោយសម្លេងហ៊ោកញ្ច្រៀវអបអរសាទរ នៅពេលដែលប្រជាជនស៊ីរីននៅលីប៊ី បង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការដួលរលំរបបដឹកនាំរបស់លោក Assad ។ នៅថ្ងៃដដែល ប្រជាជនស៊ីរីរស់នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ក៏បានប្រមូលផ្ដុំគ្នាអបអរការបញ្ចប់ការគ្រប់គ្រងរបស់លោក Assad នៅក្នុងប្រទេសកំណើតរបស់ពួកគេដែរ។

ទន្ទឹមនេះ ប្រជាជនស៊ីរីរាប់រយនាក់ក៏បានជួបជុំគ្នាអបអរសាទរការដួលរលំរដ្ឋាភិបាលស៊ីរី នៅទីលានសាធារណៈមួយនៅភាគខាងជើងទីក្រុងអឺប៊ីល ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរីប្រកាសថា ពួកគេបានបណ្តេញប្រធានាធិបតីស៊ីរី។
ក្រុមប្រឆាំងស៊ីរីបានគូសបញ្ជាក់ថា ខ្លួនបានដណ្ដើមជ័យជម្នះលើកងកម្លាំងរបស់លោកប្រធានាធិបតី Assad កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយបង្ខំឱ្យមេដឹកនាំផ្តាច់ការស៊ីរីរូបនេះ រត់ភៀសខ្លួនចេញពីប្រទេសទៅជ្រកកោណនៅរុស្ស៊ី។

នេះជាលើកដំបូងហើយ ដែលកងកម្លាំងក្រុមប្រឆាំងបានចូលទៅដល់រដ្ឋធានីដាម៉ាស់ ចាប់តាំងពីឆ្នាំ២០១៨ នៅពេលកងទ័ពស៊ីរីដណ្តើមបានមកវិញនូវតំបន់នានានៅជាយរដ្ឋធានី បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនឆ្នាំ។

សូមរម្លឹកថា សង្រ្គាមស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ជាការបះបោរប្រឆាំងរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី Assad ហើយបានឈានដល់ជម្លោះពេញទំហឹងតែម្តង ដែលអូសទាញមហាអំណាចបរទេសចូលរួម។ ជាលទ្ធផល មនុស្សរាប់សែននាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ទៀតរត់ចោលផ្ទះសម្បែងរបស់ពួកគេ ដែលនេះវិបត្តិជនភៀសខ្លួនដ៏ធំបំផុតមួយរបស់ពិភពលោក៕

ប្រភព ៖ Aljazeera អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner