ស្វាកន្ទុយសជាសត្វកម្របំផុត និងវាកំពុងមានរស់នៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ)៖ ស្វាកន្ទុយ ស មានសម្បុរស្រស់ស្អាត និង មានសារៈសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ក៏ប៉ុន្តែពួកវាកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងការជួញដូរជាសត្វចិញ្ចឹម។ បញ្ហាប្រឈមទាំងនេះ បានធ្វើឱ្យវាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់ IUCN ។

តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វស្វាកន្ទុយសកំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ នៃតំបន់ខេត្តភាគឦសានកម្ពុជា នៅឡើយ។

តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សកំពុងដំណើរការដើម្បីប្រយុទ្ធប្រឆាំងនឹងការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់ ដើម្បីជួយបង្កើនចំនួនសត្វស្វាកន្ទុយសនេះឱ្យមានការកើនឡើងជាបន្តបន្ទាប់ទៅថ្ងៃខាងមុខ។

នៅក្នុងព្រៃខ្ពស់ៗនៃដែនជម្រកសត្វព្រៃលំផាត់ សត្វស្វាកន្ទុយស (Pygathrix nigripes) កំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខ។ វាជាប្រភេទសត្វដែលស៊ីស្លឹកឈើជាអាហារ និងត្រូវបានគេស្គាល់ដោយសារពណ៌ដ៏ទាក់ទាញ និងភាពរហ័សរហួនរបស់ពួកវា។ ពួកវាប្រៀបបានទៅនឹងត្បូងដ៏កម្រនៃជីវៈចម្រុះ ដែលរស់នៅពឹងផ្អែកលើព្រៃស្រោងក្រាស់ៗ និងរុក្ខជាតិជាង ១៥០ប្រភេទ នៅក្នុងព្រៃត្រូពិចក្នុងតំបន់អាស៊ីអាគ្នេយ៍ជាចំណីអាហារ។

ស្វាកន្ទុយសជាប្រភេទពានរដែលជាទូទៅមានពណ៌សម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃទៀត ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ សត្វឈ្មោលជាទូទៅមានមាឌធំជាងសត្វញី ចំណែកឯរូបរាងរបស់វាមានលក្ខណៈងាយស្រួលក្នុងការកំណត់ចំណាំណាស់ដោយសារពណ៌របស់វា និងមានរោមក្រាស់ដុះពេញលើដងខ្លួន។ ផ្នែកមុខមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌លឿងស្រាលដោយមានរោមវែងៗពណ៌ដុះព័ទ្ធជុំវិញ លើកលែងតែជុំវិញរង្វង់ភ្នែកទាំងពីរមានពណ៌ពងមាន់។ ដងខ្លួនមានពណ៌ប្រផេះ ចំណែកឯផ្នែកខាងក្រោមនៃដងខ្លួនមានរោមប្រផេះស្រាល ហើយនៅលើថ្ងាស និងផ្នែកខាងមុខមានរោមពណ៌ខ្មៅ។

តាមការស្រាវជ្រាវបង្ហាញថា ស្វាកន្ទុយស ជារឿយៗ វាចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង១០ក្បាល ដោយមាន បា មេ និងកូន ជួនកាលក្រុមរបស់វាមានច្រើនរហូតដល់៣០ក្បាល។ ចំណីអាហារបស់វាមានដូចជាគ្រាប់ធញ្ញជាតិ (កូទីលេដុង) ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។ នៅពេលមានការគំរាមកំហែង ឬការរំខានណាមួយពីសកម្មភាពផ្សេងៗ វាតែងតែបន្លឺសំលេងជាសញ្ញាឲ្យគ្នាវាគេចរកកន្លែងសម្ងំលាក់ខ្លួននៅលើចុងឈើខ្ពស់ៗ។ ឈ្មោលជាមេក្រុមគ្រប់គ្រងស្វាញីក្នុងហ្វូងរបស់វា។

គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា និងមានជីវចម្រុះដែលមិនអាចជំនួសបាននៅក្នុងជម្រកសត្វព្រៃចម្រុះរបស់វា។តំបន់ទេសភាពនេះក៏ជាកន្លែងសម្រាប់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចរស់នៅ។ ភាគច្រើន សហគមន៍ទាំងនេះពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្មដែលផ្តល់ដោយព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner