មេដឹកនាំស៊ីរីរត់គេចទៅជ្រកកោននៅរុស្ស៊ី
បរទេស ៖ ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass ប្រភពចេញពីវិមានក្រឹមឡាំង បាននិយាយថា ប្រទេសរុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោន ដល់ប្រធានាធិបតីស៊ីរី ធ្លាក់ពីអំណាច លោក Bashar al-Assad និងសមាជិកគ្រួសាររបស់លោក។
យោងតាមប្រភព លោក Assad និងក្រុមគ្រួសារបានទៅដល់ទីក្រុងមូស្គូហើយ ខណៈរុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោន សម្រាប់ពួកគេ។ ប្រភពបាននិយាយទៀតថា «រុស្ស៊ីតែងតែនិយាយនៅក្នុងការពេញចិត្ត នៃដំណោះស្រាយនយោបាយ សម្រាប់វិបត្តិស៊ីរី។ យើងទទូចឱ្យកិច្ចចរចាដែលសម្របសម្រួលបន្តឡើងវិញ ពីសំណាក់អង្គការសហប្រជាជាតិ»។
ប្រភពបានបន្ថែមថា «មន្រ្តីរុស្ស៊ីកំពុងទាក់ទងជាមួយអ្នកតំណាងនៃក្រុមប្រឆាំងស៊ីរីប្រដាប់អាវុធ ដែលមេដឹកនាំរបស់ពួកគេបានធានាសន្តិសុខ សម្រាប់មូលដ្ឋានយោធារុស្ស៊ី និងបេសកកម្មការទូត នៅលើទឹកដីស៊ីរី»។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុងដាម៉ាស នៅក្នុងការវាយលុកមួយ កាលពីថ្ងៃអាទិត្យ ដោយបានបង្ខំចិត្ត ឲ្យប្រធានាធិបតី Bashar al-Assad រត់គេចខ្លួន និងបញ្ចប់ការគ្រប់គ្រង រយៈពេល៥ទសវត្សរ៍ នៃគ្រួសារ Assad នៅក្នុងប្រទេសស៊ីរី៕
ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត