អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះអនុស្សរណៈ ជាមួយ ACCA ដើម្បីឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះ នៃការធ្វើបរិវត្តកម្មឌីជីថល

(ភ្នំពេញ)៖ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និង ASSOCIATION OF CHARTERED CERTIFIED ACCOUNTANTS (ACCA) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងការបង្កើតបណ្តាញសហការគ្នា ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការ អ.ស.ហ. ក្រោមការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើនរូប ។

ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ការចុះអនុស្សរណៈ នៃការយោគយល់ រវាង អ.ស.ហ. ដែលរួមបញ្ចូល នូវគ្រប់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ជាមួយនឹង អេស៊ីស៊ីអេ នេះ គឺ “មិនត្រឹមតែឆ្លើយតប ទៅនឹងគោលបំណងនៃការបង្កើត អ.ស.ហ. ដោយធ្វើសមាហរណកម្ម យន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមឆត្រ អ.ស.ហ. តែមួយប៉ុណ្ណោះទេ ថែមទាំងផ្តល់ នូវសារៈសំខាន់មិនអាចខ្វះបាន តាមរយៈការបើកផ្លូវ ជូនដល់គ្រប់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្នុងការទាញយកអត្ថប្រយោជន៍ ពីកិច្ចសហការ និងកិច្ចសហប្រតិបត្តិការនេះ លើការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរ ព័ត៌មាន និងការបង្កើតបណ្តាញសហការ ជាឧត្តមប្រយោជន៍ដ ល់ការអភិវឌ្ឍសមត្ថភាពនិង ស្ថាប័នរបស់ខ្លួន ។

ឯកឧត្តម ម៉ី វ៉ាន់ ក្នុងនាមតំណាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក ដោយផ្អែកលើ គោលការណ៍មូលដ្ឋានចំនួន៣ គឺ (១)-ការកសាងមូលដ្ឋានគ្រឹះឌីជីថល, (២)-ការចាប់យកឌីជីថល និង(៣)-ការធ្វើបរិវិត្តកម្មឌីជីថល។ គោលការណ៍មូលដ្ឋានទាំង៣នេះ មានអានុភាពអនុវត្តក្នុង គ្រប់វិស័យនៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដែលក្នុងនោះរួមបញ្ចូលនូវវិស័យហិរញ្ញវត្ថុមិនមែន ធនាគារផងដែរ។ ហេតុនេះ ការអភិវឌ្ឍមូលធនមនុស្ស, ការកសាងបណ្តាញទំនាក់ទំនងដោយធ្វើ កិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធ និងការស្រាវជ្រាវដើម្បីការអភិវឌ្ឍ និង នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាអាទិភាព នៃរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាល នៃការចាប់យកឌីជីថល សំដៅឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះ នៃការធ្វើបរិវត្តកម្មឌីជីថល ។

ឯកឧត្តម ម៉ី វ៉ាន់ បន្តថា ឆ្លើយតបនឹងវិធានការគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល, ការរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់នាពេលនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍ សមត្ថភាព និងស្ថាប័ន តាមរយៈការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និង ការបង្កើតបណ្តាញសហការគ្នា ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាប្រព័ន្ធអេកូឡូស៊ីតួអង្គ ដែល ជាក្របខណ្ឌយុទ្ធសាស្ត្រថ្មីមួយទៀត របស់ អ.ស.ហ.។

ACCA គឺជាស្ថាប័នវិជ្ជាជីវៈអន្តរជាតិធំមួយ ដែលទទួលបន្ទុកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខវិជ្ជានានា ពាក់ព័ន្ធនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយវិញ្ញាបនបត្រដែលចេញដោយ ACCA ត្រូវបានទទួលស្គាល់ពីប្រទេសជាង ១៨៣ រួមទាំងកម្ពុជាផងដែរ ។

ដើម្បីឱ្យការអនុវត្តអនុស្សរណៈនៃការយោគយល់នេះទទួលបានជោគជ័យ ឯកឧត្តម សូមស្នើឡើងនូវការងារ ដែលត្រូវយកចិត្តទុកដាក់ជាអាទិភាពចំនួន៥ រួមមាន៖

ទី១- សហការអភិវឌ្ឍសមត្ថភាព ចំណេះដឹង គុណវុឌ្ឍ ជំនាញ និងទេពកោសល្យថ្នាក់ដឹកនាំ និងមន្ត្រី នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ឱ្យបានរឹងមាំ ពាក់ព័ន្ធនឹង ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ។

ទី២- សហការរៀបចំគម្រោង ឬផែនការស្រាវជ្រាវរួមគ្នា លើប្រធានបទពាក់ព័ន្ធផ្សេងៗ ដើម្បី ការអភិវឌ្ឍ និងនវានុវត្តន៍ការងារ ជាគុណប្រយោជន៍ទៅវិញទៅមក ដល់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. និង អេស៊ីស៊ីអេ ។

៣- សហការផ្លាស់ប្តូរព័ត៌មានដែលមានអត្ថប្រយោជន៍ និងអាចចែករំលែកបាន ដើម្បីលើកកម្ពស់ការយល់ដឹង អំពីបទពិសោធ ឧត្តមានុវត្តន៍ និងទិសដៅ នៃការអភិវឌ្ឍការងាររបស់ខ្លួន ។

ទី៤- សហការពិនិត្យមើលបន្ថែមអំពីការងារផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ជា កម្មវត្ថុ នៃការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីបម្រើឱ្យចក្ខុវិស័យ បេសកកម្ម គោលបំណង និងគោលដៅនៃស្ថាប័ននិងអង្គភាពនីមួយៗ ។

ទី៥- អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលមានមជ្ឈមណ្ឌល បច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ក្នុងនាមមជ្ឈមណ្ឌលអភិវឌ្ឍ និងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ បំពេញមុខងារជាអ្នក-សម្របសម្រួលជូននិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. និង អេស៊ីស៊ីអេ ក្នុង ការអនុវត្តអនុស្សរណៈ នៃការយោគយល់នេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner