BYD វ៉ាដាច់ Ford និង Honda លក់ឡានជាសកលបានច្រើនបំផុត
ប៉េកាំង ៖ ការលក់ឡានរបស់ក្រុមហ៊ុន BYD ក្នុងខែវិច្ឆិកា ត្រូវបានរាយការណ៍ថា កើនឡើងលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួន ពោលគឺវ៉ាដាច់ក្រុមហ៊ុន Ford និង Honda នៅក្នុងការលក់ឡានជាសកល។ ហើយនៅត្រីមាសទីបី BYD ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla ដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។
ក្រុមហ៊ុនផលិតឡានអគ្គិសនីកំពូលរបស់ចិននេះ បានចែកចាយឡានចំនួន ៣.៧៦លានគ្រឿងក្នុងរយៈពេល ១១ខែនៃឆ្នាំនេះ រួមទាំងចំនួន ៥០៦.៨០៤គ្រឿង ដែលបានលក់ចេញនៅក្នុងខែវិច្ឆិកាតែមួយប៉ុណ្ណោះ។ ដោយសារលក់ឡានបានច្រើននៅក្នុងទីផ្សារប្រទេសចិន ឥឡូវនេះ BYD កំពុងឈានទៅរកគោលដៅលក់ប្រចាំឆ្នាំឱ្យបានចំនួន ៤លានគ្រឿង។
គិតត្រឹមខែតុលា ចំណែកទីផ្សាររបស់ BYD ក្នុងប្រទេសចិន បានស្ទុះឡើងដល់ទៅ ៩០% នៃការលក់សរុបរបស់ខ្លួន កើនឡើងចំនួន ១៦.២% បើធៀបនឹងឆ្នាំមុន កើនត្រឹម ១២.៥%។ នេះបើតាមរបាយការណ៍របស់សមាគមផលិតឡានដឹកអ្នកដំណើរចិន ហៅកាត់ (CPCA)។
ប្រសិនបើសន្ទុះនៃការលក់ឡាននៅតែបន្ត ក្រុមហ៊ុន BYD ត្រូវបានរំពឹងថា អាចនឹងលក់ឡានបានជាង ៦លានគ្រឿងក្នុងរយៈពេល ១២ខែខាងមុខ ធ្វើឱ្យ BYD អាចប្រកួតប្រជែងជាមួយនឹងក្រុមផលិតឡានឈានមុខគេរបស់ពិភពលោក រួមមាន General Motors និង Stellantis៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា