វិស័យព្រះពុទ្ធសាសនា បានរួមចំណែក និងដើរតួនាទីសំខាន់ ក្នុងការអប់រំពលរដ្ឋជាពុទ្ធបរិស័ទ និងបានចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន

(កណ្ដាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានរួមចំណែក និងដើរតួនាទីសំខាន់ ក្នុងការអប់រំពលរដ្ឋជាពុទ្ធបរិស័ទ និងបានចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។ ឯកឧត្ត្មម បានថ្លែងដូចនេះ ក្នុងពិធីបុណ្យផ្កាប្រាក់ កសាងសមិទ្ធផលក្នុងវត្តពោធិអណ្តែត ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងសំណេះសំណាលជាមួយ ប្រជារាលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន ៣២ និងអាស្រមចំនួន ២ ព្រះសង្ឃសរុបចំនួន ៤៥០ អង្គ គណៈកម្មការវត្តចំនួន ២៧៣ នាក់ អាចារ្យចំនួន ១០០ នាក់ គ្រប់វត្ត និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើដល់ការ គោរពប្រតិបត្តិ តាមបែបសាសនា ព្រះវិហារ សាលាធម្មសភា កុដិថ្ម របងត្រូវបានកសាងរីកចម្រើនយ៉ាងផុសផុលដោយកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។

ពិសេសវិស័យសាសនា នាយឧត្តមសេនីយ៍កិត្ត សង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវបានផ្តល់ជាចំណងដៃនូវព្រះវិហារចំនួន ០៣ គឺវត្តអង្គជុំភ្នំចចក ឃុំទ្រា វត្តវិហារត្រាញ់ និងវត្តវិហារបិទមាស ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងនោះនៅវត្តពោធិអណ្តែត ព្រះសង្ឃសរុបចំនួន ៩ ព្រះអង្គ គណៈកម្មការវត្តចំនួន ២៨ នាក់ អាចារ្យ ៣ នាក់ ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំង សប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរនូវសមិទ្ធផលមួយចំនួន ក្នុងវត្តពោធិ៍អណ្តែត ឃុំដើមបួស រួមមាន ទិញដី និងចាក់ដីពង្រីកទីធ្លាវត្ត, កសាងឧប្បដ្ឋានសាលា, មហាកុដិ១ខ្នង, បង្គន់អនាម័យ, សាលាធម្មសភា និង សមិទ្ធផលផ្សេងៗ អស់ថវិកាកសាងសរុបចំនួន ១១៤ លានរៀល និង ៥៥៧ ២៤៩ ដុល្លារ ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី  និងលោកតាលោកយាយ ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ុង ប៊ុនហៀង បានបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា  និងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។

ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងទាំងអស់ត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។ មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែនចន្នី បានវេរប្រគេនបច្ច័យអង្គផ្កាប្រាក់ដល់ព្រះសង្ឃ វត្តពោធិអណ្តែត មានចំនួន ១១០លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតា លោកយាយ លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស មន្ត្រីឃុំ-ស្រុក និងបានឧបត្ថម្ភស្រុកកណ្តាលស្ទឹង ថវិកាចំនួន ២លានរៀល  និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner