ចិនរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទអាយុកាល ៣០ម៉ឺនឆ្នាំ
ប៉េកាំង ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទ មានអាយុកាល ៣០០,០០០ឆ្នាំ ជាប្រភេទមនុស្សដំបូងបំផុត ដែលត្រូវបានរកឃើញនៅតំបន់អាស៊ីបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily។

ហ្វូស៊ីលមនុស្ស រួមជាមួយនឹងហ្វូស៊ីលឆ្អឹងសត្វ និងឧបករណ៍ថ្មមួយចំនួនធំ ត្រូវបានគេរកឃើញនៅទីតាំង Hualongdong ក្នុងស្រុក Dongzhi ខេត្ត Anhui ភាគខាងកើតប្រទេសចិន។
ក្រុមអ្នកស្រាវជ្រាវចិនបានរាយការណ៍ពីការរកឃើញ និងការសិក្សាចុងក្រោយ របស់ពួកគេ ទាក់ទងនឹងទីតាំងមនុស្សបុរាណ Hualongdong នៅក្នុងសន្និសីទសិក្សាមួយ ដែលធ្វើឡើងក្នុងស្រុក Dongzhi ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានអ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញជិត ១០០នាក់ រួមទាំងអ្នកជំនាញអន្តរជាតិជាង ១០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
រកឃើញនៅចុងឆ្នាំ១៩៨៨ ទីតាំង Hualongdong បានផ្តល់លទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជីករុករកជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣។ តួយ៉ាង ហ្វូស៊ីលមនុស្សបុរាណប្រមាណ២៩នាក់, លលាដ៍ក្បាលពេញលេញ, វត្ថុបុរាណថ្មជាង៤០០ និងបំណែកឆ្អឹងជាច្រើន ហើយហ្វូស៊ីលឆ្អឹងកងជាង ៨០ ត្រូវបានគេរកឃើញនៅកន្លែងនេះ។
ដោយឡែកចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមបុរាណវត្ថុវិទ្យាបានធ្វើការជីកកកាយថ្មីមួយជុំ ដែលគ្របដណ្តប់លើផ្ទៃដី ៤០ម៉ែត្រការ៉េ។ ហ្វូស៊ីលមនុស្សសរុបចំនួន១១ត្រូវបានគេរកឃើញ ក្នុងនោះឆ្អឹងជើងមេតាតាល់ត្រូវបានថែរក្សាយ៉ាងល្អមួយ, ឆ្អឹងផ្នែកខាងមុខដែលបាក់, បំណែកឆ្អឹងកណ្តាលមួយ និងបំណែកលលាដ៍ក្បាលចំនួន៨៕
ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា