ក្រសួងអប់រំ និងសហភាពអឺរ៉ុបសម្ពោធគម្រោងសម្ព័ន្ធមេត្រីភាព «Twinning»
សៀមរាប ៖ ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការគាំទ្រកំណែទម្រង់ការអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា” ដែលពិធីនេះ រៀបចំឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប។
ស្ថិតក្រោមក្របខណ្ឌនៃគម្រោងថ្មីនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុប មកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព “Twinning”។ ព្រះរាជាណាចក្រកម្ពុជា គឺជា ប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់យើង ឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ ការវិនិយោគបរទេសនៅកម្ពុជា”។
ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។
គម្រោងនេះចាប់ដំណើរការរហូតដល់ខែសីហា ឆ្នាំ ២០២៧ មានរយៈពេលសរុប ៣៦ ខែ។ គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដែលបំផុសគំនិតតាមរបៀបអឺរ៉ុប នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួនប្រាំ និងសាកលវិទ្យាល័យចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការ ជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច៕ អត្ថបទ ៖ ឈឹម ទីណា