សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរ មិនដូចការលើកឡើងរបស់ក្រុមប្រឆាំង

ភ្នំពេញ៖ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា ទិដ្ឋភាពនិងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ទាំងក្នុងការបញ្ចេញមតិ ការធ្វើនយោបាយ សង្គមនិងសេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីទិដ្ឋភាពច្បាប់ ការគោរពច្បាប់ គោលការណ៍ច្បាប់ ដែលធ្វើឱ្យប្រទេសកម្ពុជាមានស្ថេរភាព និងមានការអភិវឌ្ឍល្អប្រសើរ។

លោក ហេង ម៉េងលី បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលតែងតែលើកទឹកចិត្តក្នុងការបញ្ចេញមតិក្នុងការធ្វើនយោបាយដូចជា ការបង្កើតឱ្យមានសារព័ត៌មាន និងគណបក្សនយោបាយជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដែលនេះជាលំហនៃសិទ្ធិសេរីភាពយ៉ាងពេញលេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលផ្ទុយពីការមើលឃើញរបស់មជ្ឈដ្ឋានមួយចំនួនតូចដែលមាននិន្នាការ និងការប្រើប្រាស់សិទ្ធិសេរីភាពហួសគោលការណ៍កំណត់នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ដូចជាការប្រកាសបង្កើតចលនាតស៊ូ ការប្រកាសបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុកជាដើម គឺជាអំពើខុសច្បាប់ ហួសដែនកំណត់នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។

អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក៏បានសំណូមពឬដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឱ្យស្របទៅនឹងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានហ្មត់ចត់ ចៀសវាងការប្រឡូក ឬក៏ការចូលរួមនៅក្នុងចលនា ឬក៏ការបង្កើតនៅព្រឹត្តិការណ៍អ្វីមួយដែលហួសពីដែនកំណត់នៃច្បាប់ ដែលធ្វើឱ្យបងប្អូនក្លាយទៅជាជនរងគ្រោះបាត់បង់ពេលវេលា និងមានទោសមានពៃរ្យជាប់ពន្ធនាគារទៀតផង៕
ដោយ៖ពលជ័យ

ads banner