ស្វីសនឹងបំពាក់បន្ទះសូឡាលើផ្លូវរថភ្លើងដំបូងគេលើលោក

បរទេស៖ ប្រទេសស្វីសនឹងបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យ លើផ្លូវរថភ្លើង ដំបូងគេ នៅក្នុងពិភពលោក ក្រោមកិច្ចសហការ រវាងក្រុមហ៊ុន Sun-Ways និង វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស EPFL នេះបើតាមការចុះផ្សាយ របស់កាសែត Esgnews ។

ប្រភពថា គម្រោងនេះនឹងដំណើរការសាកល្បង រយៈពេល៣ឆ្នាំ ដែលចាប់ផ្តើមនៅឆ្នាំ២០២៥។ គម្រោងនេះត្រូវបានផ្តល់មូលនិធិ ដំបូង ជាង៦៥ម៉ឺនដុល្លារ មានគោលបំណងបង្ហាញពីសក្តានុពល នៃបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលរួមបញ្ចូល ទៅក្នុងបណ្តាញផ្លូវដែក។

ក្រុមហ៊ុន Sun-Ways បានអះអាងថា ជាជំហានដំបូង ប្រព័ន្ធសូឡាជិត ៥០បន្ទះនឹងត្រូវតំឡើង នៅលើផ្លូវដែក ប្រវែង១០០ម៉ែត្រ នៅក្នុងទីក្រុង Neuchâtel ដែលអាចបង្កើតថាមពលអគ្គិសនីបាន ១៦,០០០គីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពល ដល់គេហដ្ឋានទាំងអស់ នៅក្នុងតំបន់។

បច្ចេកវិទ្យារបស់ Sun-Ways នឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ នៅចន្លោះផ្លូវរថភ្លើង ដែលអនុញ្ញាតឱ្យរថភ្លើងឆ្លងកាត់ មិនមានការរំខាន នេះបើតាមលោក Joseph Scuderi នាយកប្រតិបត្តិនៃក្រុមហ៊ុន Sun-Ways។

លោក បាននិយាយថា «នេះជាលើកដំបូង ដែលបន្ទះស្រូបពន្លឺព្រះអាទិត្យ នឹងត្រូវដំឡើង នៅលើផ្លូវដែក ក្នុងពេលដែលរថភ្លើងបើកឆ្លងកាត់»។

Sun-Ways មានផែនការមហិច្ឆតាដ៏ធំ ក្នុងការបំពាក់សូឡា លើផ្លូវរថភ្លើង ជាងមួយលានគីឡូម៉ែត្រ នៅលើពិភពលោក ដោយជឿជាក់ថា ៥០ភាគរយ នៃផ្លូវដែករបស់ពិភពលោក អាចត្រូវបានបំពាក់ដោយប្រព័ន្ធនេះ ហើយអាចប្រែក្លាយផ្នែកដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកពិភពលោក ទៅជាប្រភពថាមពលកកើតឡើងវិញ នេះបើតាមការចេញផ្សាយរបស់ Esgnews ដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner