កូរ៉េខាងត្បូងហាមប្រធានាធិបតី ចេញក្រៅប្រទេស

បរទេស៖ ក្រោយដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានដាក់បម្រាម មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ស្របពេលដែលប៉ូលិសកំពុងតែស៉ើបអង្កេតលើរូបលោក នេះបើតាមក្រសួងយុត្តិធម៌និយាយ នៅថ្ងៃចន្ទនេះ។

អំឡុងសវនាការចោទសួរ របស់គណៈកម្មាធិការសភាកូរ៉េខាងត្បូង មន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់សមាជិកសភាថា លោក Yoon ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ស្របពេលដែលលោក Yoon អាចនឹងរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាមដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ ការប្រកាសច្បាប់អាជ្ញាសឹកនេះបានធ្វើឡើង ក្នុងបរិបទនយោបាយដ៏តានតឹង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយរបស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាច របស់លោក។

គួររម្លឹកថា លោក Yoon Suk Yeol បានប្រកាសដាក់ប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ សប្តាហ៍កន្លងទៅ អស់រយៈពេលប្រមាណ ៦ម៉ោង ហើយត្រូវបានដកចេញវិញ បន្ទាប់ពីសភាកូរ៉េខាងត្បូងបោះឆ្នោតប្រឆាំងនឹងវិធានការនោះ។

កាលពីថ្ងៃសៅរ៍ សភាកូរ៉េខាងត្បូង បានរៀបចំការបោះឆ្នោត លើនីតិវិធីចោទប្រកាន់ លោក Yoon Suk Yeol ប៉ុន្តែទទួលបរាជ័យ ក្រោយក្រុមសមាជិកសភាបក្សកាន់អំណាចរបស់ លោក Yoon ធ្វើពហិការ នាំឲ្យសម្លេងបោះឆ្នោតឲ្យមានការចោទប្រកាន់នោះ គឺមិនគ្រប់គ្រាន់។

យ៉ាងណាមិញ លោក Yoon បានសុំទោសចំពោះការដាក់ចេញច្បាប់អាជ្ញាសឹក ប៉ុន្តែ លោកថា មិនបានចុះចេញពីដំណែងឡើយ។ លោកក៏បាននិយាយដែរថា លោកនឹងទទួលខុសត្រូវផ្នែកនយោបាយ និងផ្លូវច្បាប់ទាំងអស់ សម្រាប់ច្បាប់អាជ្ញាសឹកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner