ធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនឹងជួយឱ្យចំណូលថវិកាជាតិកើនឡើងបន្ថែមទៀត
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធអនឡាញ ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររៀបចំសេវាសាធារណៈ តាមប្រព័ន្ធអនឡាញ បានមានប្រសាសន៍ថា តាមរយៈការជំរុញការផ្តល់សេវាសាធារណៈ យើងរំពឹងថា ចំណូលថវិកាជាតិនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលអនុវត្តបានកាន់តែពេញលេញ។ ការអនុវត្តសេវាអនឡាញ យើងបានអនុវត្តជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះក្រសួងក៏បានធ្វើបច្ចុប្បន្នភាព សម្រាប់សេវាដែលយើងមានស្រាប់ទាំងនេះជាបណ្តើរៗ និងបានបន្តធ្វើបច្ចុប្បន្នភាពសេវាមួយចំនួនទៀតដែលទាមទារលិខិតបទដ្ឋានច្រើន ហើយមានភាពសាំញ៉ាំ មកជាសេវាគាប់ចិត្តដែលជាសេវាអនឡាញវិញ ដើម្បីផ្តល់ភាពងាយស្រួល ហើយឆាប់រហ័ស។
លោកជំទាវរដ្ឋលេខាធិការ បានបន្តថា សេវាគាប់ចិត្ត ឬសេវាអនឡាញនេះ យើងបានអនុវត្តជាបណ្តើរៗរហូតសម្រេចឱ្យបានគ្រប់សព្វនូវអ្វីដែលយើងមាន ដើម្បីផ្តល់មកវិញនូវភាពងាយស្រួល និងរហ័សទាន់ចិត្តទៅតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលយើងចង់បាន និងក៏ដូចជាបានដាក់ទិសដៅកន្លងមក ។
លោកជំទាវ ក៏បានគូសបញ្ជាក់ទៀតថា មានសេវាអនឡាញមួយចំនួនយើងបានដាក់ឱ្យប្រើប្រាស់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់បានអនុវត្តទូលំទូលាយនៅឡើយទេ ហើយក្រសួងនឹងជំរុញកិច្ចការងារនេះបន្ថែម ដើម្បីឱ្យជ្រួតជ្រាប និងអាចប្រើប្រាស់សេវាទាំងនេះបានទូលំទូលាយមានភាពរលូន ប្រកបដោយជោគជ័យ។
លោកជំទាវប្រធានក្រុមការងាររៀបចំសេវាសាធារណៈ តាមប្រព័ន្ធអនឡាញ បានបញ្ជាក់បន្ថែមថា តាមរយៈការអនុវត្តសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធអនឡាញកន្លងមក នៅមន្ទីរចំនួន២ គឺរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនិងកំពុងដំណើរការទៅមុខដោយរលូន ដូច្នេះមន្ទីរដទៃទៀតដែលនៅសល់នឹងអាចអនុវត្តបានប្រកបដោយជោគជ័យដូចគ្នា។
ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល បានមានប្រសាសន៍ថា ក្នុងការអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្ត ក្រសួងបាននិងកំពុងប្រែក្លាយការផ្ដល់សេវាសាធារណៈទៅជាប្រព័ន្ធឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត តួយ៉ាងដូចជាសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត។
គួរបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ