ឯកឧត្តម ហេង សួរ ស្វាគមន៍ ក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានស្វាគមន៍ និងអបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីរបស់ខ្លួន គឺក្រុមហ៊ុន មីនេបៀ (ខេមបូឌា) សាខាពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ដែលជារោងចក្រផលិត ដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិក។ ក្រសួងត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីនេះ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនផងដែរ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀ មីត្សូមី (Minebea Mitsumi) ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកនៃក្រុមហ៊ុន Minebea Mitsumi ។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺជាគំរូអាជីវកម្មដ៏សំខាន់នៅកម្ពុជា ខណៈដែលការរីកចម្រើនរបស់ក្រុមហ៊ុនក៏ជាការរីកចម្រើនរបស់កម្ពុជាដូចគ្នាដែរ ។
លោក Yoshihisa KAINUMA បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការគាំទ្រជាច្រើនសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ ជាពិសេសគម្រោងបង្កើតរោងចក្រថ្មី Minebea (Cambodia) នៅក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាឆ្នាំ២០២៥ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន Minebea Mitsumi នឹងបន្តធ្វើការជាមួយកម្ពុជាសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍរួមគ្នា ៕
ដោយ ៖ ង៉ាន់ ទិត្យ