សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួប សម្តេចតេជោ ដោយផ្ទាល់។  

នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានសភា ចំពោះ ការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ជាពិសេស ពេលសម្តេចអញ្ជើញមកដល់ នៅព្រលានយន្តហោះនៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចតេជោ ស្នើដល់ ឯកឧត្តមប្រធានសភា ថាប្រទេសយើងទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។

សម្តេចតេជោ បានស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ សម្តេចតេជោ បានលើកឡើងបន្ថែមថា ប្រទេសយើងទាំងពីរជាប្រទេសប្រកាន់របបរាជាធិបតេយ្យ អាស្រ័យហេតុនេះ ត្រូវរឹងចំណងមេត្រីភាព។

សម្តេចតេជោ បានថ្លែងអំណរគុណ ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ដែលព្រះអង្គ ទ្រង់បានព្រះរាជប្រទាន ដល់សាសនិកអ៊ីស្លាមកម្ពុជា ពី២០ ទៅ១០០នាក់ បានចូលរួមបុណ្យហាជី (Hajj) ជារៀងរាល់ឆ្នាំ ហើយ បានសព្វព្រះរាជហប្ញទ័យផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែយើងខ្ញុំមិនព្រងើយកន្តើយនឹងសហគមមូស្លីមឡើយ ដែលទទួលបានការយកចិត្តទុដាក់ខ្ពស់ ជាពិសេសការបញ្ចូលទៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងទ័ព និង ថ្នាក់ក្រោមជាតិ។

សម្តេច បានបន្ថែមថា នៅកម្ពុជាមានការរៀបចំគណៈជាន់ខ្ពស់អ៊ីស្លាមដែលមានឋានៈស្មើនឹង សម្តេចព្រះសង្ឃរាជ។ កម្ពុជា គឺជាប្រទេសគំរូនៃការអនុវត្តគោលនយោបាយ សុខុដុមនីយកម្មសាសនា នៅអាស៊ីអាគ្នេយ៍ ។
សម្តេចតេជោ បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត មានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងតំបន់ អាស្រ័យមានការប្រកួតកីឡាអន្តរជាតិ។ សម្តេច សូមជូនពរ អារ៉ាប៊ីសាអូឌីត ទទួលបានជោគជ័យនៅពេលធ្វើជាម្ចាស់ផ្ទះនៃ World Cup នាពេលខាងមុខ។

សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមប្រធានសភាមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តមប្រធានសភា បានស្វាគមន៍ជាថ្មីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និង បានបញ្ជាក់ថាការលើកឡើងនេះរបស់ សម្តេចតេជោ មានសារៈសំខាន់ណាស់ ហើយ ឯកឧត្តម នឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។

ឯកឧត្តម បានលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ។

ឯកឧត្តម បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និង ការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់ អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។  

ឯកឧត្តម សូមស្វាគន៍ចំពោះសំណូមពររបស់សម្តេច ពាក់ព័ន្ធនឹងអាហារូបករណ៍ផ្តល់ដល់យុវជនកម្ពុជានឹងការរៀបចំឱ្យមានការប្រកួតកីឡារវាងប្រទេសទាំងពីរ នៅអារ៉ាប៊ីសាអូឌីត ព្រមទាំងរីករាយនឹងធ្វើការជាមួយសម្តេចតេជោ។

ឯកឧត្តម បន្ថែមថា នៅក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការទទួលបន្ទុកជាមួយនឹងកម្ពុជាក៏ប៉ុន្តែ ទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយទេ។ ឯកឧត្តម បញ្ជាក់ថាគណៈកម្មការទាំងសងខាង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានច្រើននៅពេលអនាគត។

ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត បានសម្តែងនូវក្តីរីករាយក្នុងការទទួលយកការអញ្ជើញរបស់សម្តេចតេជោ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner