ក្រុមសិស្សកម្ពុជាដណ្តើមបានពានរង្វាន់ចំនួន២ក្នុងការប្រកួត Robot ថ្នាក់អន្តរជាតិរបស់ ស្ទិក អេម(Stick ‘Em)ប្រទេសសិង្ហាបុរី
ក្រុមសិស្សកម្ពុជាមកពីសាលាអន្តរជាតិ Smart Kids តំណាងឱ្យប្រទេសកម្ពុជា ដណ្តើមបានពានរង្វាន់ចំនួន២ ពីកម្មវិធីការប្រកួតថ្នាក់អន្តរជាតិរបស់ Stick ‘Em នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី (Singapore Science Centre)ដែលធ្វើឡើងជុំវិញប្រធានបទ “ការចែកចាយទឹក” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីកង្វះទឹក ការបំពុលទឹកនិងសារៈសំខាន់នៃការអភិរក្សធនធានទឹកដ៏មានតម្លៃរបស់យើង។
សម្រាប់កម្មវិធី Stick ‘Emដែលធ្វើការប្រកួតនៅប្រទេសសិង្ហបុរីនេះ មានប្រទេសចូលរួមចំនួនចំនួន៦មានដូចជា៖ ប្រទេសកម្ពុជា សិង្ហបុរី វៀតណាម ឥណ្ឌា ថៃ និងប្រទេសឥណ្ឌូនេស៊ី សរុបក្រុមចំនួន ៣៣ ក្នុងនោះសម្រាប់ក្រុមសិស្សកម្ពុជាបានចូលរួមប្រកួតប្រជែងមានតែសមាសភាព៤រូបប៉ុណ្ណោះ មានដូចជា កុមារ៉ា ឈួរ គីមប៉ោហេង ច័ន្ទ សោភាសិរីបុត្រ ណាត ប្រសិដ្ឋ និ សេង ម៉េងថៃ។ ការប្រកួតប្រជែងនេះឲ្យតម្លៃខ្ពស់លើជំនាញដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការធ្វើការងារជាក្រុមរបស់សិស្សដើម្បីបង្កើត Robot ដែលមានលក្ខណៈប្លែក និងមានប្រសិទ្ធភាព។
លក្ខន្តិកៈនៃកម្មវិធី ការប្រកួត Robot ថ្នាក់អន្តរជាតិរបស់ ស្ទិក អេម(Stick ‘Em)សិស្សដែលចូលរួមត្រូវបង្កើតជាក្រុមដែលមានសមាជិកពី ៣ ទៅ ៤នាក់ មានអាយុពី 9 ដល់ 13 ឆ្នាំ ហើយ ក្រុមសិស្សត្រូវបង្កើត Robot ឡើងនៅនឹងកន្លែងក្នុងរយៈពេលត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ។ រួចហើយដំណើរការនៃហ្គេមនេះ គឺបញ្ជូនគូបទឹកទៅកាន់ភូមិចំនួន ៣ ដែលមានកម្ពស់ខុសៗគ្នា បើបញ្ជូនគូបបានទៅភូមិខ្ពស់បានពិន្ទុច្រើន ហើយពួកគេអាចបញ្ជា Robot របស់ពួកគេត្រឹមតែ ៣ នាទីប៉ុណ្ណោះ។ ជាលទ្ធផលក្រុមសិស្សកម្ពុជា ដណ្តើមបានពានរង្វាន់ជ័យលាភីចំនួនពីរ ដោយជ័យលាភីទី១ គឺពានរង្វាន់ចំណាត់លេខ២ ថ្នាក់អន្តរជាតិ (Overall International 1st Runner-Up) ក្នុងការប្រកួតវិញ្ញាសា Robot និងពានរង្វាន់ជ័យលាភីទី២ គឺ ពានរង្វាន់ជ័យលាភី ជំនាញរចនាល្អបំផុត (Best Design Skills Award)។ដោយគណៈកម្មការដ៏មានជំនាញរបស់កម្មវិធី Stick ‘Em បានចាត់ទុក Robot របស់ក្រុមកម្ពុជាថាជា Robot ដែលមានការរចនាល្អជាងគេក្នុងចំណោមក្រុមទាំង ៣៣ចំណោមចូលរួមប្រកួតប្រជែង។
សូមបញ្ជាក់ថា កម្មវិធី STEAMប្រទេសសិង្ហបុរីនេះ មានរួមបញ្ចូល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលមានគោលដៅធ្វើឱ្យសិស្សគ្រប់រូបទទួលបានការអប់រំផ្នែក STEAM ។បច្ចុប្បន្នកម្មវិធីនេះ បានបណ្ដុះបណ្ដាលសិស្សជាង ៥៥០០នាក់មកពី ១១ ប្រទេសផ្សេងៗទូទាំងពិភពលោក៕
ដោយ ជាវ ចន្ធូ