ប្រជាពលរដ្ឋ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,១៥៨បណ្ណ ពីរាជរដ្ឋាភិបាល

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,១៥៨ បណ្ណ ពីរាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងបានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីចុងក្រោយនេះ គឺចាប់ផ្ដើមនៅឆ្នាំ១៩៨៩ ជាលើកទីមួយហើយដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់កម្មសិទ្ធិឯកជន ដែលនេះប្រៀបបានទៅនឹងឪពុកចែកទ្រព្យឱ្យកូន, ទន្ទឹមនឹងការទទួលស្គាល់កម្មសិទ្ធិឯកជននេះ យើងក៏មានការចុះបញ្ជីដីធ្លីផងដែរ ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ដោយរហូតមកទល់បច្ចុប្បន្ននេះ យើងបានបង្កើតនូវយុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការងារជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៦ ចំណុចដែលក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងតែអនុវត្តដើម្បីបង្កើតបរិយាកាសគ្មានវិវាទ ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្ដល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាបនិងនៅរមណីយដ្ឋានអង្គរ និងការបង្រួមបញ្ហានៅតាមបុរី ។ ក្រៅពីការងារទាំងនេះ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យគួរបន្តផ្ដោតលើកិច្ចការនគរូបនីយកម្ម រៀបចំក្រុងនិងស្ថាបនាសំណង់ឱ្យធានាបាននូវគុណភាព សុវត្ថិភាពនិងសោភ័ណភាព ប្រែក្លាយតំបន់ក្រុងប៉ោយប៉ែតឱ្យទៅជាទីក្រុងដែលគួរអោយចង់រស់នៅ មានលំហសាធារណៈប្រកបដោយសុខមាលភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា ប៉ោយប៉ែតធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះសម្រាប់ការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជានោះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ គួរតែពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយដើម្បីបញ្ចប់វិវាទ និងផ្ដោតលើការរៀបចំក្រុង ដើម្បីឱ្យតំបន់នេះទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍពិតប្រាកដ ។

បន្ថែមពីលើនេះ មន្ទីរត្រូវបន្តគិតគូរពីឱកាសនិងលទ្ធភាពក្នុងការរៀបចំទីក្រុងអោយសំបូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកលើកស្ទួយការប្រកបរបររកទទួលទានរបស់ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ សំដៅជំរុញឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ។

តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner