គណៈប្រតិភូប្រទេសស៊ែប៊ី មកទស្សនកិច្ចស្វែងយល់ឱកាសវិនិយោគនៅខេត្តសៀមរាប
សៀមរាប៖គណៈប្រតិភូធុរជន ភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានមួយក្រុមដឹកនាំដោយលោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក(Jovana Majstorovic)ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ីនៃសភាពាណិជ្ជកម្មស៊ែប៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចនិងទស្សនារមណីយដ្ឋានអង្គរ ។
គណៈប្រតិភូអមដំណើរដោយឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី។ក្នុងឱកាសស្នាក់នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ គណៈប្រតិភូបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងចូលរួមដោយមន្រ្តីពាក់ព័ន្ធនឹងទេសចរណ៍ ពាណិជ្ជកម្មក្នុងខេត្ត។
លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ី នៃសភាពាណិជ្ជកម្មស៊ែប៊ីបានបញ្ជាក់ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគ ។ពិសេសសក្តានុពលនៃគោលដៅទេសចរណ៍ និងការលើកទឹកចិត្តដល់វិនិយោគិនបែបណាខ្លះ ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានជម្រាបគណៈប្រតិភូអំពីស្ថានភាពប្រជាសាស្ត្រ ភូមិសាស្ត្ររបស់ខេត្តសៀមរាប និងស្ថានភាពនៃការប្រកបអាជីវកម្ម ការងារបង្កបង្កើនផល។លោកបញ្ជាក់ថាខេត្តមានប្រភពសក្តានុពលសេដ្ឋកិច្ចសំខាន់ចំនួនពីរ គឺវិស័យកសិកម្ម និងវិស័យទេសចរណ៍ វប្បធម៌ធម្មជាតិ។ លោកអភិបាលរងខេត្តក៏បានលើកឡើងពីគម្រោងផែនការមេ និងទិសដៅសម្រាប់អភិវឌ្ឍក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃនិងផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល សំដៅទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកកាន់ខេត្តសៀមរាប។ ទន្ទឹមនេះរដ្ឋបាលខេត្តក៏មានការលើកទឹកចិត្តដល់វិនិយោគិនលើវិស័យទេសចរណ៍ផងដែរ ។
បើតាមឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស៊ែប៊ីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅក្រោមការសម្របសម្រួលពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី។គណៈប្រតិភូមានចំនួន១៧រូប ជាធុរជន ជាភ្នាក់ងារទេសចរណ៍ និងជាអ្នកសារព័ត៌មាន។គណៈប្រតិភូមកបំពេញទស្សនកិច្ចរាជធានីភ្នំពេញនិងខេត្តសៀមរាបពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបំណងបើកឱកាសឱ្យគណៈប្រតិភូស្វែងយល់អំពីសក្តានុពលវិនិយោគ បរិយាកាសធុរកិច្ច និងភ្ជាប់ទំនាក់ទំនងភ្នាក់ងារទេសចរ៍កម្ពុជា-ស៊ែប៊ីព្រមទាំងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន និងពិភពលោក។
ក្នុងឱកាសស្នាក់នៅខេត្តសៀមរាបគណៈប្រតិភូបានទស្សនារមណីយដ្ឋានអង្គរ និងតំបន់មានសក្តានុពលរបស់ខេត្ត លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក បានបង្ហាញនូវអារម្មណ៍រំភើប និងកោតសរសើរស្ញប់ស្ញែងចំពោះប្រាសាទអង្គរ និងប្រាសាទនានាក្នុងរមណីយដ្ឋានអង្គររបស់ខ្មែរ ពិសេស វប្បធម៌ អរិយធម៌ អារ្យធម៌ខ្មែរ៕
អត្ថបទ និងរូបភាព៖ប៊ុន រដ្ឋា