វេទិកាសាធារណៈដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅឃុំដងកាំបិត
កំពង់ធំ៖ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធាន ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការីនៃក្រុមការងារចុះមូលដ្ឋានឃុំ រួមជាមួយមន្រ្តីនៃមន្ទីរ ថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ បានបើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាកង្វល់ , បញ្ហាប្រឈមនានានិងសំណូមពររបស់ប្រជាពលរដ្ឋនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តមបានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការណែនាំរបស់ឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ក្នុងការជំរុញការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាកង្វល់ ព្រមទាំងបញ្ហាប្រឈម នានា និងសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ក្នុងឱកាសនេះតំណាងប្រជាពលរដ្ឋនៅតាមភូមិ បានលើកនូវសំណូមពរមួយចំនួនក្នុងនោះ ស្នើសុំជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ដែលតភ្ជាប់ពីឃុំដងកាំបិត ទៅទីរួមស្រុកសណ្ដាន់ ដែលមានការខូចយ៉ាងខ្លាំង ក្នុងរដូវវស្សា។ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ឱ្យបានឆាប់រហ័ស ,ការគ្រប់គ្រងដីធី្លក្នុងតំបន់ព្រៃសហគមន៍និងសុំឱ្យពង្រឹងការអនុវត្តគោលនយបាយភូមិឃុំ មានសុវត្ថិភាព ។
ក្នុងឱកាសនេះឯកឧត្តម សោម ស៊ុន ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានធ្វើការបូកសរុប និងបានថ្លែងអំណរគុណដល់មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័ន និងអាជ្ញាដែនដី ដែលបានធ្វើការបកស្រាយពន្យល់ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមផ្តល់ជាសំនួរនិងយោបល់នានាដើម្បីអភិវឌ្ឍន៍ប្រទេស៕
ដោយ៖ ប៊ុន រដ្ឋា