ឯកឧត្តម ហេង សួរ ៖ កម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ ។

ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” ដែលរៀបចំធ្វើនាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា វត្តមានរបស់តំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកម្មវិធីនាពេលនេះ ជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។

ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈនឹងផលិតជាផុសស្ទ័រអប់រំ ដើម្បីបិតផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីឱ្យកម្មករនិយោជិត និងនិយោជកយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការនេះឱ្យមានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃ នៃសកម្មជនប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩១ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា



