អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ

កំពង់ចាម៖កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាមបានចូលរួមជាមួយ ឯកឧត្តមនាយឧត្តម​សេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ​ការពារសន្តិសុខជាតិ អញ្ជើញចុះពិនិត្យទី​តាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋខេត្តកំពង់ចាម ។ពិធីនឹងធ្វើឡើងនៅស្រុកស្ទឹងត្រង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ​ចុងខែធ្នូ ។
វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយហេតុថា​ខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេ​ដែលចុះបញ្ជី​ដីធ្លីរួចរាល់មុនគេ ខណៈការងារវាស់ វែងដីធ្លីជាប្រព័ន្ធ ចាប់ដំណើរការតាំងពីអំឡុង​ឆ្នាំ២០០៣ រហូតមកទល់ពេល​បច្ចុប្បន្ន ដោយសម្រេចបាន​ការប្រកាសតំបន់វិនិច្ឆ័យ បាន ៩៤៦ភូមិលើ៩៤៦ភូមិ ,លើ១០៩ឃុំ- សង្កាត់ ស្មើនឹង១០ក្រុង-ស្រុក ,ប្រមូលទិន្នន័យ និងវាស់វែងបាន​៩១.៧៧៩៥ក្បាលដីលើក្បាលដី ទូទាំងខេត្តកំពង់ចាម ប្រមាណជា ៩២៤.៤២១​ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ ៕
ដោយ៖លី ពៅ

ads banner