ស្តី្រវៀតណាមមានកូន២មុនអាយុ៣៥ឆ្នាំ នឹងបានប្រាក់១១៨ដុល្លារ
ហាណូយ ៖ កាសែត VNexpess បានចុះផ្សាយថា ទីក្រុងហូជីមិញ នៅប្រទេសវៀតណាម កំពុងដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់លើកទឹកចិត្ត ចំនួន៣លានដុង ឬ ១១៨ ដុល្លារអាមេរិក ដល់ស្ត្រីដែលមានកូនពីរនាក់ នៅមុនអាយុ៣៥ឆ្នាំ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាប របស់ទីក្រុង និង កំណើនប្រជាជនយឺត។
បើតាមគំនិតផ្តួចផ្តើម ដែលបានរៀបរាប់លម្អិត នៅក្នុងសំណើរបស់គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បង្ហាញថា គោលនយោបាយថ្មីនេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីទីក្រុងហូជីមិញ មានអត្រាកំណើតថ្មីៗ ត្រឹមតែ ១លាន៣២ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ ទាបជាងកម្រិតជាមធ្យម ដែលត្រូវមាន ២លាន១សែននាក់ ជាប្រចាំឆ្នាំ។ អាជ្ញាធរទីក្រុងហូជីមិញបានព្រមានថា អត្រាមានកូនតិច ដែលអូសបន្លាយ អាចនាំឱ្យមានមនុស្សវ័យចាស់ឆាប់រហ័ស បណ្តាលឲ្យមានបញ្ហាកង្វះកម្លាំងពលកម្ម និង បញ្ហាប្រឈមផ្នែកសុខុមាលភាពសង្គម។ ទីក្រុងមួយនេះក៏មានគម្រោងលុបចោលគោលនយោបាយ «ចំនួនប្រជាជនហួសសម័យ» ផងដែរ ដែលសំដៅលើ ការលើកទឹកចិត្ត សម្រាប់សហគមន៍ដែលគ្មានកូនទីបី និង នីតិវិធី ក្រៀវ ជាដើម។
ក្រៅពីនេះ អាជ្ញាធរក៏បានស្នើផ្តល់រង្វាន់ ដល់គណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ដែលមានវិញ្ញាបនបត្របញ្ជាក់គុណតម្លៃ ប្រសិនបើគូស្វាមីភរិយា នៅក្នុងតំបន់ បង្កើតកូនបានច្រើន។
យ៉ាងណាមិញ ខេត្តភាគខាងត្បូង ផ្សេងៗទៀត នៅប្រទេសវៀតណាម ក៏បានអនុវត្តគោលនយោបាយ ស្រដៀងគ្នានេះ ដែរ ប៉ុន្តែ គ្រាន់តែថា ប្រាក់រង្វាន់សម្រាប់ស្ត្រី បង្កើតកូន មានចំនួនតិចតួចជាងទំហំដែលទីក្រុងហូជីមិញ គ្រោងនឹងអនុវត្ត នេះបើតាមការចុះផ្សាយរបស់ VNexpress ដដែល។
ជាមួយគ្នានេះ តាមរយៈរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា ចំនួនប្រជាជនវៀតណាម ដែលបច្ចុប្បន្ន មានប្រមាណ ១០០លាននាក់ នឹងធ្លាក់ចុះមកត្រឹម ៣លាន៦សែននាក់ ក្នុងឆ្នាំ២៥០០ ប្រសិនបើអត្រាកំណើតទាប នាពេលបច្ចុប្បន្ននេះ មិនត្រូវបានកែលម្អ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត