អភិបាលខេត្តស្ទឹងត្រែងប្រគល់ម៉ូតូពីរគ្រឿងជូនម្ចាស់ដើមវិញ ខណៈជនសង្ស័យម្នាក់ក្នុងចំណោម ប្រាំនាក់បញ្ជូនទៅតុលាការ
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានអញ្ជើញចូលរួមប្រគល់ម៉ូតូពីរគ្រឿង ដែលបានបាត់ជាង មួយខែមុនជូនទៅម្ចាស់ដើមវិញ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវ និងពន្លាតនីតិវិធី កំណត់បាននូវមុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យ ៥នាក់ ទាំងចោរលួច និងអ្នកទិញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងពីខេត្តរតនគិរី មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី៩ ខែធ្នូ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ ក៏ត្រូវបានបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង។
មេបញ្ជការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឧត្តមសេនីយ៍ត្រី សេង សុភាព បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹងពីករណីបាត់ម៉ូតូមួយគ្រឿង ប្រភេទហុងដា ស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GG-5629 របស់ប្រជាពលរដ្ឋរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លោកបន្តថា រហូតដល់ថ្ងៃទី៦ ខែធ្នូកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានពីរនាក់ និងនៅថ្ងៃទី៧ ខែធ្នូ កម្លាំងជំនាញអាវុធហត្ថខេត្ត បានពន្លាតដែនដី(នីតិវិធី) ទៅឃាត់ខ្លួនជនសង្ស័យបីនាក់បន្ថែមទៀត នៅខេត្តរតនគិរី និងបានរកឃើញម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលបានលួចពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ថា ដោយមានការឯកភាពពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានសម្រេចដោះលែងជនសង្ស័យ ៤នាក់ ដែលស្ថិតក្នុងវ័យជាអនីតិជន(មិនទាន់គ្រប់អាយុ) និងអ្នកទទួលទិញម៉ូតូ បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារវាងសមត្ថកិច្ចជំនាញ និងអាណាព្យាបាលជនទាំង ៤នាក់។ ចំណែកជនសង្ស័យម្នាក់ក្នុងអំពើចោរកម្ម ឈ្មោះ ឌិត ចាន់ដេវិត អាយុ ១៦ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី៩ ខែវិច្ឆិកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកជនសង្ស័យពីរនាក់ទៀត ម្នាក់ឈ្មោះ ហ៊ីង គឹមហួត ហៅ សិទ្ធិ ភេទប្រុស អាយុ ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង ភេទប្រុស អាយុ ២២ឆ្នាំ ជនសង្ស័យទាំងពីរនាក់ កំពុងរត់គេចខ្លួន និងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស្វែងរកខ្លួននោះហើយ។
ឯកឧត្តម សរ សុពុត្រា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរ លោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងអង្កេត ស្រាវជ្រាវ និងពន្លាតនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានយកម៉ូតូមកប្រគល់ជូនប្រជាពលរដ្ឋវិញ ដោយសុវត្ថិភាព៕
ដោយ៖ឡុង សំបូរ