ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ​

ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក​ ហើយ​រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ​, សណ្តាប់ធ្នាប់សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល​ឯកឧត្តម​បញ្ចប់បេសកកម្មការទូត​នៅកម្ពុជា​ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត​ ក៏បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ឆ្នាំ២០២២​, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ​ ដូចជា​ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១(IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ​ដែលគ្មានមីន​ ជាដើម ដែលធ្វើឱ្យកិត្យានុភាពរបស់​កម្ពុជា​កាន់តែ​លេចត្រដែតឡើងបន្ថែមទៀត​ នៅលើឆាកអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ​ ក្នុង​អាណត្តិ​បេសកកម្មការទូតរបស់ឯកឧត្តម​ ដែលបានចូលរួម​ចំណែកពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។ សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ហើយការរក្សាបាននូវការជួបប្រាស្រ័យទាក់ទង រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងប្រជាជន និងប្រជាជន នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត នឹង​ចូលរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត។

សម្ដេចធិបតី និង​ឯ​កឧត្តម​ឯកអគ្គរដ្ឋទូតចប់អាណត្តិក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើន​ នៃកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ​ លើវិស័យពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិនិងសន្ដិសុខ, ទេសចរណ៍, អប់រំ, វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner