«ស្នាដៃមនុស្ស» ត្រូវបានស្តីបន្ទោសចំពោះទឹកជំនន់ថៃ
បាងកក៖ នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃអង្គការទន្លេអន្តរជាតិ NGO International Rivers លោកស្រី Pianporn បានកំណត់ឫសគល់ជាក់លាក់ចំនួនបី ដែលនាំឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ជាច្រើន ក្នុងប្រទេសថៃ រួមមាន ការកាប់ព្រៃឈើ, ទំនប់វារីអគ្គិសនី និងការទន្ទ្រានយកដី ដែលសុទ្ធសឹងតែជាស្នាដៃ របស់មនុស្ស នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។
ប្រភពបានឲ្យដឹងថា នៅឆ្នាំ២០២៤នេះ ទឹកជំនន់បានសម្លាប់ប្រជាជនថៃ ចំនួន៧៥នាក់ហើយ ក្នុងនោះ ស្លាប់៥០នាក់ នៅភាគខាងជើង កាលពីដើមឆ្នាំ ហើយ២៥នាក់ទៀត ទើបស្លាប់នៅភាគខាងត្បូង កាលពីប៉ុន្មានថ្ងៃនេះ។
លោកស្រី Pianporn បានប្រាប់កម្មវិធី Deeper Dive របស់កាសែត Bangkok Post ថា ខណៈពេលការប្រែប្រួលអាកាសធាតុ គឺជាការទទួលខុសត្រូវមួយផ្នែក ប៉ុន្តែ ការកាប់ព្រៃឈើនាំឱ្យទឹកជំនន់។ លោកស្រីអះអាងថា ការកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យឥទ្ធិពលទឹកជំនន់មកលើប្រជាជន កាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យមានបរិមាណភក់ និងដីល្បាប់ហូរចូលទីក្រុង ភូមិ និងទីប្រជុំជន។
លោកស្រីបានអះអាងទៀតថា ទំនប់នៅផ្នែកខាងលើ ក៏ជាមូលហេតុរួមចំណែកបង្កឲ្យមានទឹកជំនន់ នៅភាគខាងជើង។ លោកស្រីថា ទឹកជំនន់ដែលបានកើតឡើងពីរខែ កន្លងមកនេះ ក៏មានពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ ព្រោះថា ទំនប់នៅទីនោះ ត្រូវបញ្ចេញទឹក។
ក្រៅពីការកាប់បំផ្លាញព្រៃឈើ និងទំនប់វារីអគ្គិសនី លោកស្រី Pianporn បានកំណត់ថា ការទន្ទ្រានយកទន្លេ ក៏ជាមូលហេតុចម្បង នាំឲ្យមានទឹកជំនន់ ផងដែរ។ លោកស្រីអះអាងថា លោកស្រីបានពិភាក្សាជាមួយអ្នកប្រវត្តិសាស្រ្តម្នាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃទឹកជំនន់ នៅទីក្រុងឈៀងរ៉ៃ ដោយបានបង្ហាញរូបភាពចាស់នៃឈៀងរ៉ៃបុរាណ ហើយឃើញថា ទឹកជំនន់បានកើតឡើង នៅលើចំណុចទន្លេពីមុន។
លោកស្រីបានបញ្ជាក់ថា «អ្វីដែលសំខាន់បំផុតនោះ គឺត្រូវទទួលស្គាល់បញ្ហាពិតប្រាកដ ស្វែងរកដំណោះស្រាយ រវាងអ្នកពាក់ព័ន្ធ ដែលមានទាំង អ្នកជំនាញវិស្វករ កសិករ អ្នករស់នៅក្នុងទីក្រុង និងអ្នកសិក្សា ព្រមទាំង ក្រសួង ស្ថាប័ន របស់រដ្ឋ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត