យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ជិត១០០គ្រួសារបានទទួលអំណោយកាកបាទក្រហមកម្ពុជា
បន្ទាយមានជ័យ៖លោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការពារជាតិតំណាងលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាអគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញសំណេះសំណាលនិងចែកអំណោយកាកបាទក្រហមដល់គ្រួសារយោធិនពិការ៣១៧ តេជោភ្នំឆត្រ ជិត១០០គ្រួសាររស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នៃភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ៣១៧ ជម្រាបគណៈប្រតិភូថា បច្ចុប្បន្នមណ្ឌលអភិវឌ្ឍន៍មានអតីតយុទ្ធជនជាកងទ័ព ជានគរបាល និងកងរាជអាវុធហត្ថរួមទាំងក្រុមគ្រួសាររស់នៅចំនួន៦៥០គ្រួសារ ស្មើនឹង១.៨៨៤ នាក់។មណ្ឌលក៏ទទួលបានអំណោយបន្ថែមទៀតដូចជាផ្ទះគ្រូបង្រៀន,អគាសិក្សា និងបណ្ណាល័យ។មណ្ឌលកំពុងស្ដារបឹងសម្រាប់ផលិតទឹកស្អាត,រថយន្តសង្គ្រោះដែលជាអំណោយផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់បំពេញតម្រូវការចាំបាច់ដល់គ្រួសារជនពិការ ក្នុងមណ្ឌលផងដែរ។ចុងក្រោយនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)ចុះពិនិត្យព្យាបាលយោធិនពិការនិងពលរដ្ឋជិត៤ ០០០នាក់ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ។

ក្នុងឱកាសនេះលោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា ដែលបាននឹករលឹកយោធិនពិការ និងគ្រួសារ ដែលបានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពដែនដី រហូតទទួលពិការភាព។លោកជំទាវក៏ផ្ដាំផ្ញើដល់យោធិនពិការ និងគ្រួសារ ឱ្យរស់នៅប្រកបដោយអនាម័យល្អ ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត ៕
ដោយ៖ឃិន គន្ធា




