កម្ពុជា ចូលរួមអបអរទិវាសិទ្ធិមនុស្ស១០ធ្នូ ខួបលើកទី៧៦
(ភ្នំពេញ)៖ កម្ពុជា បានចូលរួមអបអរ ខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដែលមនុស្សទូទាំងពិភពលោក បាននិងកំពុងប្រារព្ធនៅថ្ងៃអង្គារ៍នេះ។ ការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូខួបលើកទី៧៦ នេះត្រូវគេឃើញបានធ្វើឡើងនៅក្នុង Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីតាមបណ្តាក្រសួង និងថ្នាក់ដឹកនាំស្ថាប័ននានា ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេរអបអរសាទរ បានសរសេរថា «អបអរសាទរខួបលើកទី៧៦ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ »។

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងឲ្យពលរដ្ឋកម្ពុជារលឹកដល់អតីតកាលរបស់ខ្លួន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែលកាលណោះ ប្រជាពលរដ្ឋខ្មែរមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត, សិទ្ធិទទួលទានអាហារ, សិទ្ធិពិនិត្យព្យាបាលជំងឺ, សិទ្ធិជំនឿសាសនា, សិទ្ធិសិក្សាអប់រំ, សិទ្ធិជ្រើសរើសតំណាង, សិទ្ធិបញ្ចេញមតិ, សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ឋិប្រកបការងារជាដើម។ មនុស្សដែលនៅមានជីវិតសេសសល់ និងបានឆ្លងកាត់ជីវិតក្នុងជំនាន់នោះនៅតែចងចាំជានិច្ចថា នៅក្នុងអតីតកាលនោះរបបប្រល័យពូជសាសន៍ ប៉ុលពត បានដកហូតសិទ្ធិសេរីភាពនោះទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង, ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឲ្យប្រជាពលរដ្ឋជាង ៣លាននាក់ បានស្លាប់ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

សិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺជាសច្ចៈភាពដែលមិនអាចបំភាន់បានឡើយ ដែលនោះគឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។ បច្ចុប្បន្ន សិទ្ធិសេរីភាព បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ៕
អត្ថបទ ៖ គង់ សុផុល



