ឯកឧត្ដម ម៉ប់ សារិន បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន
(ភ្នំពេញ)៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន ពិសេសជាតម្រូវការរស់នៅប្រចាំថ្ងៃជាចាំបាច់ ដូចជាពាក់ព័ ន្ធនឹងទឹកស្អាត អគ្គិសនីជាដើម ។
នេះជាការណែនាំរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌកំបូល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ខណៈ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ឯកឧត្ដម ម៉ប់ សារិន មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌចង់បានជាងគេ គឺចង់ដឹងបញ្ហាជាអទិភាពរបស់ប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន បើមានសំណូមពរអ្វី ពិសេសបើមានតម្រូវការចាំបាច់អ្វីខ្លះ ដែលទាមទារឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ រហូតដល់រាជធានី ដោះស្រាយជូន” ។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាណែនាំ ឱ្យគិតគូលើបញ្ហាពាក់ព័ន្ធនឹងការរស់ក្នុងជីវិតប្រចាំថ្ងៃនេះ ដូចជាផ្នែក សុខមាភាព ទឹកស្អាត និងអគ្គិសនី ជាដើម ។ ដោយឡែក មានតំណាងពលរដ្ឋ មកពីសង្កាត់នានា បានសំណូមពរដោយផ្ទាល់មាត់ ចំនួន៨រូប ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូនរួមមាន៖ សំណូមពរឱ្យជួយបន្ថែមស្លាក់សញ្ញាចរាចរណ៍ , ការទប់ស្កាត់ការបំពុលបរិស្ថាន ដោយការដុតបំភាយផ្សែងចេញពីរោងចក្រ, ស្នើសុំពង្រីកផ្លូវមួយខ្សែ ដែលពលរដ្ឋអះអាងថា កំពុងតែមានភាពមមាញឹកខ្លាំងជាងមុន និងអាចបង្កគ្រោះថ្នាក់ច្រើន, បញ្ហាទឹកស្អាតនៅមិនទាន់មានគ្រប់គ្រាន់ ប្រើប្រាស់បានតាមបន្ទប់ជួលមួយចំនួន, តំណាងក្រុមហ៊ុនឯកជន ស្នើដល់អាជ្ញាធរជួយអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសកុំបោះចោលតាមរបងនៃតំបន់សេដ្ឋកិច្ចពិសេស, មានការស្នើសុំឱ្យជួយជួសជុល ឬប៉ះប៉ូវអំពូលភ្លើងបំភ្លឺផ្លូវដែលខូច និងមិនទាន់មានគ្រប់គ្រាន់ ព្រមទាំងមានការស្នើសុំឱ្យពិនិត្យទៅលើបញ្ហា ការបង្ហូរទឹកកង្វក់ចេញពីរោងចក្រដែលបង្កខ្លិនស្អុយ ព្រមទាំងប៉ះពាល់ដល់បរិស្ថានជាដើម ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានគូសបញ្ជាក់ទៅ ប្រធានអង្គការដែលលើកឡើងពីការព្រួយបារម្ភលើបញ្ហាបរិស្ថានវិញថា ប្រសិនបើមានបញ្ហាអ្វីមួយពាក់ព័ន្ធជាមួយនឹងបរិស្ថាន សូមឱ្យសហការគ្នា និងរាយការណ៍ជូនមកលោកផ្ទាល់ នោះលោកនឹងអាចសម្រសម្រួលជាមួយខាងរោងចក្រ ដូចជាករណីអង្គការចង់ចូលទៅពិនិត្យក្នុងរោងចក្រ ហើយត្រូវបានខាងរោងចក្រហាមឃាត់មិនឱ្យចូលពិនិត្យ ខណៈលោកអិបាលខណ្ឌ ចាត់ទុកថា នេះជាកិច្ចការល្អដែលមានប្រជាពលរដ្ឋ ពោលអង្គការជួយយកចិត្តទុកដាក់បន្ថែម ស្របពេលដែលអាជ្ញាធរ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ។
ឆ្លើយតបសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋានខាងលើនេះ ឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានចាត់ឱ្យលោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌកំបូល បញ្ជាក់ជូនទៅកាន់ប្រជាពលរដ្ឋ ជុំវិញបញ្ហាមួយចំនួន ដែលដោះស្រាយបាន ឬមិនអាចទាន់ដោះស្រាយបាន ។
ឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា “សំណួរសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួនរបស់អស់លោកលោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនដោយផ្ទាល់រួចហើយៗ នឹងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូន បងប្អូន ប៉ុន្តែចំពោះសំណួរ សំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលបានទទួល គឺខ្ញុំសូមការអភ័យទោស ដោយមិនទាន់បានដោះស្រាយជូននាឱកាសនេះទេ” ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ