អង្គការសង្គមសុីវិលធំៗនៅកម្ពុជា÷ រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំ​ក្នុងការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ

(ភ្នំពេញ)៖ ក្រុមអង្គការសង្គមសុីវិលធំៗនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជាមានជំហររឹងមាំ និងឆន្ទៈខ្ពស់ក្នុងការលុប​បំបាត់​អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ ជាពិសេសនៅតាមរោងចក្រ សហគ្រាស នៅប្រទេសកម្ពុជា ខណៈរាជ​រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តចូលរួមជាមួយភាគីពាក់ព័ន្ធដើម្បីលុបបំបាត់ទាំងស្រុងបញ្ហានេះនៅពេលខាងមុខ។

ការលើកឡើងបែបនេះនៅក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុង​ពិភព​ការងារ”។ កម្មវិធីនេះមានការអញ្ជើញជាអធិបតីរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយវត្តមានចូលរួម​ពីតំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ១៣០នាក់ផងដែរ។ 

លោកស្រី នៅ សុវត្ថា នាយិកាប្រចាំប្រទេសនៃអង្គការឃែរកម្ពុជា មើល​ឃើញ​ថា រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការលុប​បំបាត់អំពើហិង្សាទាក់​ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។ អ្វីដែលជាយុទ្ធសាស្រ្ត​ដ៏សំខាន់នោះ គឺទាំងរាជរដ្ឋាភិបាលកម្ពុជា បណ្តាសហជីព បណ្តាសង្គមសុីវិល និងអង្គការវិជ្ជាជីវៈខាងការងារបានអង្គុយតុជជែកពិភាក្សាគ្នាយ៉ាងសុីជម្រៅដើម្បីផ្តល់ធាតុចូលលើយន្តការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។

សម្រាប់លោកស្រី មើលឃើញការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការដាក់ចេញនូវយន្ត​ការថ្មីៗក្នុងការលុបបំបាត់នូវអំពើហឹង្សា និងការបៀតបៀននៅតាមរោង​ចក្រឧស្សាហកម្ម សហគ្រាសនានា។ អ្វីដែលជាការកត់សម្គាល់​បំផុតនោះ​គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំជាយុទ្ធនា​ការបិត​ផ្ទាំងផ្សព្វផ្សាយ អប់រំ (ផុសស្ទ័រ) ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងធ្វើការ ដែលទាំងនេះនឹងផ្តល់សារ​ប្រយោជន៍​បំផុតដល់បងប្អូនកម្មករនិយោជិត។

ចំណែកលោកស្រី ហេង ចិន្តា អគ្គលេខាធិការសហភាពការងារកម្ពុជា (CLC)  បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ មិនថាតែលើកម្មករនិយោជិតនៅតាម​រោងចក្រឧស្សាហកម្មតែប៉ុណ្ណោះទេ។ លើសពីនេះ វត្តមានរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈក្នុងកម្មវិធី​យុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទង​នឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” រឹតតែបញ្ជាក់​ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើកិច្ចការងារនេះផងដែរ។

លោកស្រី អគ្គលេខាធិការសហភាពការងារកម្ពុជារូបនេះបានគាំទ្រយ៉ាង ពេញទំហឹងនូវយន្តការរបស់ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក្នុងការបិតផ្ទាំងផ្សព្វផ្សាយស្តីអំពី អំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងការ បៀតបៀន នៅតាមរោងចក្រសហគ្រាសនានានៅទូទាំងប្រទេស ដើម្បី បញ្ជ្រាបចំណេះដឹងលើបញ្ហានេះដល់បងប្អូនកម្មករនិយោជិត ក្នុងគោល​បំណងឱ្យពួកគេយល់ដឹងកាន់តែសុីជម្រៅ និងយល់ដឹងពីកាតព្វ​កិច្ចនៅពេលដែលជួបបញ្ហាទាំងអស់នេះនៅកន្លែងធ្វើការ។

ទន្ទឹមនេះ ក្រុមអង្គការសង្គមសុីវិលទាំងនេះបានវាយតម្លៃខ្ពស់ចំពោះ ការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈលើការលើកឡើងស្តីពីការបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ តាមរយៈការអនុវត្តច្បាប់ និងការពន្យល់បងប្អូនកម្មករនិយោជិតអំពីកាតព្វកិច្ចផ្លូវច្បាប់នៅពេលដែលពួកគេបានជួបប្រទះនូវការបៀតបៀននៅក្នុងរូបភាពណាមួយ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner