សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយប្រធានសភានៃរដ្ឋកាតា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ប្រធានសភានៃរដ្ឋកាតា នៅវិមានរដ្ឋសភា រាជធានីដូហា នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម ប្រធានសភា បានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា។ ឯកឧត្តម បានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេចតេជោ ពេលនេះល្អណាស់សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តម ប្រធានសភាបានបន្តថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេ។ ឯកឧត្តម លើកយោបល់ថា គួរមានការកិច្ចប្រជុំកំពូលសភាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង។ ឯកឧត្តម សង្ឃឹមថា ឯកឧត្តមនឹងធ្វើការជាមួយ សម្តេចតេជោ លើកិច្ចការនេះ។ ឯកឧត្តម បានបន្ថែមថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួលដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន ជាដើម។ ឯកឧត្តម កោតសរសើរ ជំហរអព្យាក្រឹត្យរបស់ កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ ឯកឧត្តម បានបន្តថា កាតាបានខិតខំធ្វើការដើម្បីឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍សន្តិភាពនិងប្រជាជន។ ឯកឧត្តម យល់ថាបណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព រួមដៃគ្នាធ្វើកិច្ចការនេះ។

នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានសភាកាតា ចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ សម្តេច ក៏បានអរគុណផងដែរ ឯកឧត្តមប្រធានសភាចំពោះ ការលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា កាតា និង តួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។

សម្តេច ពិតជារីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ។ សម្តេចគូសបញ្ជាក់ថា សម្តេច បានជួបឯកឧត្តមនាយករដ្ឋមន្ត្រីកាតា ហើយតាមសំណើរបស់គាត់ សម្តេចនឹងទទួលជួបរដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគកាតា។ សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេច ចង់បានវិនិយោគិនកាតាមកកម្ពុជា និងចង់ឃើញការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ។

សម្តេច បានទទួលស្គាល់ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដូចជាការចរចាពាណិជ្ជកម្មពិភពលោកក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេច បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ។ ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ទោះបីប្រទេសយើងជាប្រទេសតូចយ៉ាងណាក៏ដោយ យើងត្រូវចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជា បានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុង១០ ប្រទេសរហូតមកទល់នឹងពេលបច្ចុប្បន្ន។

ចំពោះការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់ឯកឧត្តមប្រធានសភា សម្តេចបានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីរសប្តាហ៍កន្លងទៅនេះ និង បានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែលបើកចំហរសម្រាប់សភាផ្សេងៗទៀត ចូលជាសមាជិក។ សម្តេចបានបន្ថែមថា ក្នុងនាមសភាកាតា ឯកឧត្តមប្រធាន អាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេចបានបន្តថា សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរាជរដ្ឋាភិបាល នៅអ.ស.ប. ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញ ឯកឧត្តមប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

ឯកឧត្តមប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។ ឯកឧត្តម នឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។

សម្តេចតេជោ និងឯកឧត្តមប្រធានសភាកាតា ក៏បានផ្លាស់ប្តូរយោបល់គ្នាលើស្ថានការណ៍តំបន់ផងដែរ ។

ឯកឧត្តមប្រធានសភាកាតា បានទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner