កូរ៉េខាងជើងហៅលោកYoon ជាជនផ្តាច់ការ ជុំវិញច្បាប់អាជ្ញាសឹក
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងភាពវឹកវរ បន្ទាប់ពីដាក់ចេញច្បាប់អាជ្ញាសឹក ហើយបានចាត់ទុក លោក ប្រធានាធិបតី Yoon Suk Yeol ជាជនផ្តាច់ការ ប្រឈមនឹងការបញ្ចប់ជីវិតនយោបាយ ក្រោយបរាជ័យការដឹកនាំ។
ការអត្ថាធិប្បាយបាននិយាយ កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពច្របូកច្របល់» បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានដាក់ច្បាប់អាជ្ញាសឹក យ៉ាងខ្លី។
«ឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើល របស់អាយ៉ង Yoon Suk Yeol ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ និងវិបត្តិអភិបាលកិច្ច ស្រាប់តែប្រកាសក្រឹត្យច្បាប់អាជ្ញាសឹក ហើយប្រើរបបផ្តាច់ការ ហ្វាស៊ីស របស់ខ្លួន ធ្វើឱ្យមានភាពវឹកវរ នៅទូទាំងប្រទេសកូរ៉េខាងត្បូង»។
ប្រភពបន្តថា «សហគមន៍អន្តរជាតិកំពុងឃ្លាំមើលយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការវាយតម្លៃថា ឧប្បត្តិហេតុច្បាប់អាជ្ញាសឹក បានលាតត្រដាងភាពងាយរងគ្រោះ នៅក្នុងសង្គមកូរ៉េខាងត្បូង»។
អ្នកអត្ថាធិប្បាយបានពណ៌នាការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ របស់ Yoon ថា ជាការផ្លាស់ប្តូរដ៏អស់សង្ឃឹម ហើយថា ជីវិតនយោបាយរបស់ Yoon Suk Yeol អាចប្រឈមមុខនឹងការបញ្ចប់ ជាលើកដំបូង»។
គួររម្លឹកថា លោក Yoon បានផ្អាកការគ្រប់គ្រងប្រទេសបែបស៊ីវិល កាលពីថ្ងៃអង្គារ សប្តាហ៍មុន ហើយបានបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅកាន់សភា មុនពេលសមាជិកសភាបានបង្ខំលោក ឱ្យដកការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកវិញ ដើម្បីស្ថិរភាព។
លោក Yoon បានរួចផុតពីការចោទប្រកាន់ នៅក្នុងសភា កាលពីថ្ងៃសៅរ៍ បើទោះបីជាមនុស្សរាប់ម៉ឺននាក់បានទប់ទល់នឹងសីតុណ្ហភាពត្រជាក់ នៅខាងក្រៅ ដើម្បីទាមទារឱ្យមានការបណ្តេញលោកចេញពីតំណែង ក៏ដោយ។ គណបក្សប្រឆាំងគ្រោងនឹងដាក់ចេញចលនា ចោទប្រកាន់ ជាលើកទីពីរ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត