វៀតណាមគ្រោងហាមអ្នកជាប់បំណុលពន្ធ៤០០ដុល្លារចេញពីប្រទេស

បរទេស៖ កាសែត VNexpress បានចេញផ្សាយ ថ្មីៗនេះថា ប្រទេសវៀតណាមគ្រោងហាមប្រាមការធ្វើដំណើរ ចាកចេញពីប្រទេស សម្រាប់បុគ្គលណា ដែលមានបំណុលពន្ធ ចាប់ពី៤០០ដុល្លារ ឬ ច្រើនជាងនេះ។

យោងតាមសំណើថ្មី របស់ក្រសួងហិរញ្ញវត្ថុ ប្រជាជនដែលជាប់បំណុលពន្ធ មិនទាន់បង់ចំនួន ១០លានដុង ស្មើនឹង៣៩៣.៩០ដុល្លារ ឬ លើសពីនេះ សម្រាប់រយៈពេល១២០ថ្ងៃ អាចត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេសវៀតណាម។ ការហាមឃាត់ដែលបានស្នើឡើងនេះ ក៏នឹងអនុវត្តចំពោះតំណាងអាជីវកម្ម ដែលជំពាក់ប្រមាណ៤ពាន់ដុល្លារអាមេរិក ឬ ច្រើនជាងនេះ ផងដែរ។

នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន អ្នកដែលជាប់ពន្ធមិនទាន់បង់ អាចត្រឹមតែ ត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្ន ប៉ុន្តែ មិនមានកម្រិតច្បាស់លាស់ សម្រាប់បំណុលពន្ធ ដែលបង្កឱ្យមានការរឹតបន្តឹងការធ្វើដំណើរនោះទេ។ យោងតាមអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅឆ្នាំនេះ បុគ្គលជាង ៦,៥០០នាក់ ត្រូវបានហាមឃាត់ការធ្វើដំណើរ ដោយចំនួននេះ កើនឡើងបីដង ធៀបនឹងឆ្នាំមុន។ ជាលទ្ធផល អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានវិញ ពីបុគ្គល ជាង២,០០០នាក់។

ក្រសួងហិរញ្ញវត្ថុវៀតណាម បានប៉ាន់ប្រមាណថា ជាមួយនឹងវិធានការថ្មី មនុស្សប្រហែល ៣៨០,០០០នាក់ អាចប្រឈមមុខនឹងការរឹតបន្តឹង ការធ្វើដំណើរចេញពីប្រទេស៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner