អាមេរិកផ្អាកប្រតិបត្តិការយន្តហោះយោធា Osprey ទាំងអស់

តូក្យូ ៖ យោធាអាមេរិកបានប្រកាសផ្អាកប្រតិបត្តិការយន្តហោះ Osprey ទាំងអស់របស់ខ្លួនជាបណ្តោះអាសន្ន ខណៈការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីយន្តហោះដឹកជញ្ជូននេះ ប៊ិះជួបគ្រោះថ្នាក់ធ្លាក់នៅសហរដ្ឋអាមេរិកកាលពីខែមុន។

កងទ័ពជើងទឹកអាមេរិកប្រកាសថា ខ្លួនបានសម្រេចចិត្តអនុវត្តការផ្អាកប្រតិបត្តិការរយៈពេល ៩៦ម៉ោងសម្រាប់ប្រតិបត្តិការដែលមិនសំខាន់របស់យន្តហោះ Ospreys។

យោធាអាមេរិកបាននិយាយថា ការផ្អាកនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រមុន ហើយពួកគេក៏បានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុន អំពីការសម្រេចចិត្តនេះផងដែរ។

ជាមួយគ្នានេះ កងកម្លាំងស្វ័យការពារជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្អាកប្រតិបត្តិការយន្តហោះ Osprey ទាំង ១៧គ្រឿង លើកលែងតែបេសកកម្មដោះស្រាយគ្រោះមហន្តរាយធម្មជាតិ និងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ដែលនេះជាចាត់វិធានការធានាសុវត្ថិភាព។

សារព័ត៌មាន Associated Press បានរាយការណ៍ថា យោធាអាមេរិកបានសម្រេចចិត្តអនុវត្តការផ្អាកប្រតិបត្តិការយន្តហោះ Ospreys របស់ខ្លួន បន្ទាប់ពីផ្នែកលោហៈធាតុមួយចំនួននៅខាងក្នុងយន្តហោះមួយបានដាច់ចេញពីគ្នាក្នុងអំឡុងពេលហោះហើរកាលពីថ្ងៃទី២០ ខែវិច្ឆិកា។

ទន្ទឹមនេះ ម៉ាស៊ីនមួយត្រូវបានគេរាយការណ៍ថាបានគាំងដំណើរការ ហើយយន្តហោះ Ospreys នោះស្ទើរតែធ្លាក់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋ New Mexico។

កន្លងមក សហរដ្ឋអាមេរិកក៏ធ្លាប់បានបញ្ឈប់ ប្រតិបត្តិការយន្តហោះ Osprey របស់ខ្លួនកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យ៉ាងធ្ងន់ធ្ងរនៅឯខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន។ មនុស្សមនុស្សទាំង៨នាក់នៅលើយន្តហោះបាន ស្លាប់ ក្នុង គ្រោះថ្នាក់ នោះ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner