ប្រធានាធិបតីចិនថ្លែងថា នឹងគ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ
ប៉េកាំង ៖ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ ហើយចិនមានគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
ប្រធានាធិបតីចិន លោក Xi Jinping បានកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
នាឱកាសនោះ លោក Xi បាននិយាយថា ចិនមានឆន្ទៈរក្សាការសន្ទនា, ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាជាមួយរដ្ឋាភិបាលអាមេរិក។
លោក Xi ក៏បាននិយាយផងដែរថា ចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសខ្លួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ក្នុងទិសដៅស្ថិរភាព, មានសុខាមាលភាពល្អ និងនិរន្តរភាព។
លោក Xi បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមពន្ធគយ, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា គឺផ្ទុយទៅនឹងនិន្នាការនៃប្រវត្តិសាស្ត្រ និងច្បាប់សេដ្ឋកិច្ច ហើយថា នឹងមិនមានអ្នកឈ្នះឡើយ។
ការអត្ថាធិប្បាយរបស់លោក Xi កើតឡើងបន្ទាប់ពី ប្រធានាធិបតី ជាប់ ឆ្នោត អាមេរិក លោក Donald Trump កាល ពី ខែ មុន បាន បបានបង្ហាញពីផែនការរបស់គាត់ ក្នុង ការ ដាក់ ពន្ធ បន្ថែម ១០ភាគរយ លើ ទំនិញ នាំចូលពី ចិន។
ជុំវិញបញ្ហានេះដែរ លោក Xi សង្ឃឹមថា ចិននឹងជៀសវាងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់លោក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា