ឯកឧត្តម ហេង សួរ ៖ SDC ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ជាមួយនឹងជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ
(ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្លាំងពលកម្មកម្ពុជាជាមួយនឹងជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើវិស័យ TVET និងការងារទេសន្តរប្រវេសន៍សម្រាប់កម្ពុជាកាន់តែច្រើនថែមទៀត។
ប្រសាសន៍លើកឡើងបែបនេះរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈទទួលជួបជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ហេង សួរ បានអបអរសាទរចំពោះ លោក Reto Gruninger ដែលត្រូវបានតែងតាំងជានាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ក្នុងការជួយគាំទ្រកម្ពុជាលើការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) នៅកម្ពុជា ។
ជាការឆ្លើយតប លោក Reto Gruninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្កិការជាមួយទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC)។ ទន្ទឹមនេះ លោកសង្ឃឹមថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆ្នាំ២០២៥ខាងមុខនេះនឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ ៕
ដោយ ៖ ង៉ាន់ ទិត្យ







