ឯកឧត្តម ឌិត ទីណា ៖ គោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត
(ខេត្តកោះកុង)៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល សម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការតាមដានបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា និងការកសាងសហគមន៍កសិកម្មទំនើប ដែលមានភាពទំនើបកម្មការងារ អាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើមានបាន និងមានរហូត ដែលលោកស្រីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅគ្រប់អនុវិស័យ និងកំណត់អាទិភាពឱ្យចំគោលដៅ ដោយអនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាចំគោលដៅ ។
ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលមហោស្រពខេត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរដល់ លោកស្រីប្រធានមន្ទីរថ្មី ដែលកាន់តំណែងជាប្រធានមន្ទីរកសិកម្មស្រ្តីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកោះកុង ក្រោមការដឹកនាំរបស់លោកជំទាវ ភូថង មិថុនា គណៈអភិបាលខេត្ត ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងជួយដល់ការអភិវឌ្ឍវិស័យផ្សេងៗទៀត ជាពិសេសវិស័យកសិកម្ម ។
សម្រាប់ការងារនយោបាយ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានផ្តល់អនុសាសន៍លើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច ដោយត្រូវមានភស្តុតាងច្បាស់លាស់ ជាក់ស្តែង និងឆ្លលយតបឱ្យចំគោលដៅ ៕
ប្រភព ៖ ក្រសួងកសិកម្ម