ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ក្រុមនិស្សិតជ័យលាភីអាហា​រូបករ​ណ៍​​របស់ រាជរដ្ឋាភិបាលអូស្រ្តាលីឆ្នាំសិក្សា២០២៥ ជាចំណែកមួយក្នុងការរួម​អភិវឌ្ឍសង្គមជាតិនាពេលអនាគត

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ ៣៤នាក់ របស់រាជរដ្ឋាភិបាលអូស្រ្តាលីសម្រាប់ឆ្នាំសិក្សា២០២៥ ។

លោកស្រី ញឹម ដាលីន តំណាងនិស្សិតជ័យលាភី បានគោរពថ្លែងអំណរគុណ​ចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានផ្តល់កិត្តិយស​ឱ្យក្រុមនិស្សិតជ័យលាភី ទាំងអស់ បានចូលជួបទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍នានា ដើម្បីក្រុមនិស្សិតបានសិក្សា​ស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹង​ចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអបអរសាទរ និងបង្ហាញនូវមោទនភាព ចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រាលី គឺជាអាហារូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់ ។ ហើយ សង្ឃឹមថាក្រុមនិស្សិតទាំងអស់ នឹងជាចំណែកមួយចូលរួម កសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ រួមទាំងយុទ្ធសាស្រ្តដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា ដែលនាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជា​ធម្មតាឡើងវិញ ។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍​នានា ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗស្គាល់ ឱ្យគេមកលេងប្រទេសកម្ពុជា​ឱ្យបានច្រើនថែមទៀត៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner