គ្រូបង្វឹកហែលទឹកអន្តរជាតិ អះអាងថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ជាផ្នែកមួយមានសារៈសំខាន់ជួយឱ្យគ្រូបង្វឹកកម្ពុជាកាន់តែមានគុណភាព
(ភ្នំពេញ)៖ លោក Miguel Angel Lopez Alvardo គ្រូបង្វឹកហែលទឹកជនជាតិអេស្ប៉ាយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ បញ្ជូនមកជួយបង្ហាត់ដល់សិក្ខាកាមដែលជាគ្រូបង្វឹកកីឡាហែលទឹកកម្ពុជា បានថ្លែងថា វគ្គសាមគ្គីអូឡាំពិក ស្តីអំពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលដំណើររយៈពេល ១សប្តាហ៍នេះ គឺមានសារៈខ្លាំងណាស់សម្រាប់គ្រូបង្វឹកកីឡាទឹកកម្ពុជា ក្នុងការបង្ហាត់ដល់កីឡាករកីឡាការិនី តាមបណ្តាក្លឹបប្រកបដោយគុណភាព ដែលរួមចំណែកជួយជំរុញឱ្យកីឡាករកីឡាការិនីហែលទឹកកម្ពុជាកាន់តែមានសក្កានុពលក្នុងការប្រជែងមេដាយជូនកម្ពុជាពីលើឆាកអន្តរជាតិ។
លោកថា ជាការពិតណាស់ ការសិក្សារៀនសូត្រមិនមែនបញ្ចប់ត្រឹមតែកម្រិត១នោះទេ ពោលគឺការសិក្សានូវមានកម្រិតទី២និងទី៣ជាច្រើនទៀត ប៉ុន្តែវគ្គកម្រិតទី១នេះ មានមូលដ្ឋានគន្លឹះមេរៀនជាច្រើន ពាក់ព័ន្ធនៃផែនការជាគ្រូបង្វឹក ដើម្បីបង្ហាត់ដល់កីឡាករកីឡាការិនីឱ្យមានគុណភាព និងសក្តានុពល។
លោក Miguel Angel Lopez Alvardo បានគូសបញ្ជាក់ទៀតថា សិក្ខាកាមជាគ្រូបង្វឹកដែលនាំយកចំណេះជំនាញ វគ្គគ្រូបង្វឹកកីឡាដែលទឹកកម្រិតទី១ ចែករំលែក ដោយលោកនាពេលនេះ ទៅបង្ហាត់ដល់សិស្សតាមបណ្តាលក្លឹបនឹងពង្រីកបានធនធានគ្រូបង្វឹកកាន់តែច្រើន ពិសេសក៏ផលិតបានធន់ធានកីឡាករកីឡាការិនីឆ្នើមៗពោពេញដោយសក្តានុពល។ គ្រូបង្វឹកខាងលើ មើលឃើញថា តាមរយៈការរីកចំរើននៃវិស័យកីឡាហែលទឹករបស់កម្ពុជាបច្ចុប្បន្ន លោក ជឿជាក់ថា ឆ្នាំ២០២៧ កម្ពុជានឹងមានលទ្ធភាពដណ្តើមមេដាយមាសពីស៊ីហ្គេមយ៉ាងណាស់១គ្រឿង និងឆ្នាំ២០២៩ កីឡាយុវជនអាស៊ីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ក៏កម្ពុជារំពឹងខ្ពស់ឈ្នះមេដាយផងដែរ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកនេះ យើងផ្តោតលើកម្រិត១ ដែលពួកគាត់ធ្លាប់ទទួលបានការបណ្តុះបណ្តាលកម្រិតបឋមរួចហើយៗគោលដៅសហព័ន្ធចង់ឱ្យគ្រូបង្វឹកទាំងនោះយកចំណេះដឹងទៅហ្វឹកហាត់បន្តដល់កីឡាករ កីឡាការិនីវ័យក្មេងៗ។
លោក ហែម គីរី បានបង្ហាញក្តីសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សិក្ខាកាម ដែលជាគ្រូបង្វឹកកម្រិត១ទាំង២៥នាក់នឹងយកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី នៅតាមអង្គភាព ក្លឹបនានាឱ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត។ លោកបន្ថែមថា គ្រូបង្វឹកទាំងអស់មានវ័យក្មេងៗ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់ពួកគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ ក្នុងគោលដៅពង្រីកធនធានថ្នាលយុវជនហែលទឹកឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពនាថ្ងៃអនាគតផងដែរ។
វគ្គនេះមានរយៈពេល១សប្តាហ៍ ដោយគ្រូឧទ្ទេសនឹងចែករំលែកចំណេះដឹងក្នុងថ្នាក់ និងអនុវត្តផ្ទាល់ដោយនឹងយកកីឡាករ កីឡាការិនីក្មេងៗមកចូលរួមហ្វឹកហាត់ជាមួយ។ នៅពេលដែលមានកំហុសឆ្គងក្នុងអំឡុងវគ្គសិក្សានេះ គ្រូឧទ្ទេសនឹងជួយកែតម្រូវនូវរាល់កំហុសឆ្គងមួយចំនួនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកផងដែរ។
វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១នេះ បង្រៀនដោយគ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ











