សិស្សនារី ១០០នាក់ទទួលបានការអប់រំអូឡាំពិក និងសមាសភាពយ៉េនឌ័រក្នុងវិស័យកីឡា
(ភ្នំពេញ)៖ សិស្សនារីមកពីវិទ្យាល័យនិងអនុវិទ្យាល័យចំនួន២ គឺវិទ្យាល័យឬស្សីកែវ និងអនុវិទ្យាល័យវត្តដំបូកខ្ពស់ទទួលបានការអប់រំអូឡាំពិក និងសមាសភាពយ៉េនឌ័រក្នុងវិស័យកីឡា ពីគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ការអប់រំអូឡាំពិក គឺផ្តោតសំខាន់លើយ៉េនឌ័រក្នុងវិស័យ ដើម្បីជំរុញឱ្យស្រី្តយល់ដឹងពីកីឡា និងចូលរួមលេងកីឡាឱ្យបានច្រើន ។
ឯកឧត្តម ប៊ុយ សោភ័ណ្ឌ បានបញ្ជាក់ទៀតថា សកម្មភាពអប់រំអូឡាំពិកដែលរៀបចំឡើង ដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ គឺមានសកម្មភាពអប់រំអូឡាំពិក ដែលមានបទបង្ហាញអំពីប្រវត្តកីឡាអូឡាំពិកសម័យបុរាណ និងអូឡាំពិកសម័យទំនើប ។ ក្រៅពីនោះ មន្រ្តីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាបកីឡាវាយសីដល់សិស្សានុសិស្សឱ្យយល់ដឹងពីសារៈប្រយោជន៍នៃការលេងកីឡា ។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទ។
ឯកឧត្ដម ប៊ុយ សោភ័ណ្ឌ សង្កត់ធ្ងន់ដែរថា កម្មវិធីអប់រំអូឡាំពិក និងសមភាពយេនឌ័រក្នុងវិស័យកីឡា ធ្វើឡើងក្រោមជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាកីឡាអាស៊ីដើម្បីលើកស្ទួយការចូលរួមរបស់ស្ត្រីក្នុងកីឡាទាំងក្នុងនាមជាកីឡាការិនី និងបច្ចេកទេស ឆ្ពោះទៅជាអ្នកដឹកនាំកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ។
ក្រុមប្រឹក្សាកីឡាអាស៊ី និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិផ្ដល់ឱកាស និងលទ្ធភាពឱ្យនារីចូលរួមជាអត្តពលិកឱ្យបានច្រើន។ ជាក់ស្ដែង ចំនួនអ្នកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ទាំងកីឡាករ និងកីឡាការិនី គឺស្មើគ្នា ៥០ភាគរយដូចគ្នា។ នេះជាជោគជ័យមួយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលមានកីឡាការិនីចូលរួមច្រើន ។
ឯកឧត្ដម ប៊ុយ សោភ័ណ្ឌ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអំពាវនាវដល់យុវជនចូលរួមលេងកីឡាឱ្យបានច្រើន និងត្រៀមខ្លួនឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ