ចំណូលអាកាសចរណ៍សកលអាចកើនដល់១ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ទោះខ្វះយន្តហោះ

បរទេស៖ សមាគមអាកាសចរណ៍សកល ហៅកាត់ IATA បានព្យាករណ៍ថា ប្រាក់ចំណូលពីឧស្សាហកម្មនេះ នៅឆ្នាំ២០២៥ អាចនឹងមានចំនួន ១.០០៧ ពាន់ពាន់លានដុល្លារអាមេរិក ដោយសារតែការបំបែកកត់ត្រា ពីចំនួនអ្នកដំណើរ រហូតដល់ ៥.២ពាន់លាននាក់ បើទោះបីជាមានការខ្វះខាតយន្តហោះ ក៏ដោយ។

IATA បានអះអាង​ថា បើធៀបនឹងឆ្នាំ២០២៤នេះ ប្រាក់ចំណូលឧស្សាហកម្មអាកាសចរណ៍ ត្រូវបានព្យាករណ៍ថា មានត្រឹមចំនួន ៩៦៤ពាន់លានដុល្លារ។

IATA ក៏បានព្យាករណ៍ដែរថា ប្រាក់ចំណេញសុទ្ធ នៅឆ្នាំ២០២៥នេះ នឹងមានចំនួន ៣៦.៦ពាន់លានដុល្លារ កើនឡើងពី ៣១.៥ពាន់លានដុល្លារ ដែលរំពឹងទុក ក្នុងឆ្នាំ២០២៤។

លោក Willie Walsh ប្រធាន IATA បាននិយាយ កាលពីថ្ងៃអង្គារថា
ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក បានឃើញពីកំណើន បើទោះបីជាត្រូវបានរារាំង ដោយសារតែការពន្យារពេល ក្នុងការចែកចាយយន្តហោះដែលបណ្តាលមកពីបញ្ហា នៅក្រុមហ៊ុន Boeing និង Airbus ក៏ដោយ។

យ៉ាងណាមិញ ឧស្សាហកម្មនេះ កំពុងវិលទៅរកភាពធម្មតាវិញ ជាបណ្តើរៗ ប៉ុន្តែបានព្រមានថា បញ្ហាផ្គត់ផ្គង់ អាចរាលដាល ដល់ឆ្នាំ២០២៥ ហើយ នេះ មិនមែនជាលើកទីមួយទេ ដែលជួបបញ្ហាអ្នកផ្គត់ផ្គង់។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ជួបបញ្ហាកង្វះខាតយន្តហោះថ្មី និងគ្រឿងបន្លាស់ យ៉ាងខ្លាំង នេះបើតាមលោក Walsh។

គួរបញ្ជាក់ថា Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតរបស់ពិភពលោក បានកាត់បន្ថយគោលដៅផ្គត់ផ្គង់ នៅក្នុងខែកក្កដា ហើយក្រុមហ៊ុន Boeing ក៏បានបន្ថយល្បឿនផលិតកម្ម ដោយសារតែកូដកម្ម និងបង្កើនការយកចិត្តទុកដាក់លើបទប្បញ្ញត្តិ បន្ទាប់ពីមានវិបត្តិសុវត្ថិភាព៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner