ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុហ៍
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុហ៍ (ICC-Angkor/Sambor Prei Kuk) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ-អន្តរជាតិ ដែលមានសហប្រធានបារាំង និងជប៉ុន ជាអ្នកសម្របសម្រួលកិច្ចប្រជុំ ដោយមានថ្នាក់ដឹកនាំ និងអ្នកជំនាញការជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ចូលរួម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ សំដៅលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងតំបន់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ដោយបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុហ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ដែលបានផ្ដល់កិច្ចសហការក្នុងភាពជាដៃគូចំពោះកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ឱ្យទទួលបានសមិទ្ធផលជាផ្លែផ្កាដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍យ៉ាងធំធេង ។
សូមបញ្ជាក់ថា ៖ សម័យប្រជុំបច្ចេកទេសលើកទី៣៩ និងសម័យប្រជុំពេញអង្គលើកទី៣១ នៃគណៈកម្មការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុហ៍ ត្រូវបានធ្វើឡើងដោយផ្ដោតជាសំខាន់លើការងារពិនិត្យ និងតាមដានការងារនៅតាមការដ្ឋានជួសជុល និងគម្រោងមួយចំនួនទាក់ទងនឹងតំបន់អង្គរ និងសំបូរព្រៃគុហ៍ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និងទី១២ ខែធ្នូ ដោយឡែកនៅថ្ងៃទី១៣ នឹងមានកិច្ចប្រជុំពេញអង្គលើកទី៣១ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា ៕
ដោយ / គ្រី សម្បត្តិ
(ក្រសួងដែនដី)